(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និង សង្រ្គោះជនពិការដោយ  សារមីន បានថ្លែងថា ជនដែលកំពុងព្យាយាមវាយប្រហារ និង បង្ខូចកេរ្តិ៍ឈ្មោះរបស់លោកតាមបណ្តាញសង្គម Facebook ជាមនុស្សមកពី ស្ថាប័នផ្សេង និង បាត់បង់ឱកាសស្វែងរកប្រយោជន៍អាជ្ញាធរមីនកម្ពុជា។ លោកទេសរដ្ឋមន្រ្តី បានផ្តាំទៅអ្នកវាយប្រហារលោកថា អាជ្ញាធរ  កម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និង សង្រ្គោះជនពិការដោយសារមីន កំពុងមានសាមគ្គីភាពផ្ទៃក្នុងល្អ ព្រមទាំងផ្តាំផ្ញើឲ្យអ្នកវាយប្រហារ នោះ ស្វែងរកមុខរបរថ្មី កុំព្យាយាមរកមុខរបរចាស់ ដែលអាចប្រឈមចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

ក្រោយការចូលកាន់តំណែងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានរយៈ ពេលជាងពីរខែ លោកទេសរដ្ឋមន្រ្តី សេរី កុសល ត្រូវបានលោកឧត្តមសេនីយ៍ឯក កែន សូសាវឿន អគ្គនាយករងមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និង កាកសំណល់សង្រ្គាម ចេញមកធ្វើការរិះគន់ វាយប្រហារ និង ធ្វើលិខិតស្នើសុំសម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យដកតំណែងលោក សេរី កុសល។

លោកឧត្តមសេនីយ៍ឯក កែន សូសាវឿន បានលើកឡើងក្នុងលិខិតនោះថា ក្រោយពីលោកទេសរដ្ឋមន្រ្តី សេរី កុសល ចូលកាន់តំណែងជា អនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និង សង្រ្គោះជនពិការដោយសារមីន ធ្វើឲ្យបញ្ហារកាំរកូស និង ថ្នាំងថ្នាក់  ច្រើនពីមន្រ្តីក្នុងអាជ្ញាធរមួយនេះ ដោយសារតែលោកទេសរដ្ឋមន្រ្តី បានធ្វើការផ្លាស់ប្តូរអគ្គនាយក និងអគ្គនាយករងមួយចំនួន។

ឆ្លើយតបការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក កែន សូសាវឿន លោកទេសរដ្ឋមន្រ្តី សេរី កុសល បានប្រាប់ Fresh News នៅព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះថា អ្វីដែលបានលើកឡើងរបស់លោក កែន សូសាវឿន ជាមន្រ្តីមកពីអង្គភាពផ្សេងនេះ គឺជាការបំផ្លើសពី  ការពិតទាំងស្រុង។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា មន្រ្តីកាន់តំណែងអគ្គនាយក និងអគ្គនាយករងនោះ ត្រូវបានផ្ទេរទៅកាន់តួនាទី និង  មើលការខុសត្រូវលើការងារផ្សេង ដូចជាទៅគ្រង់មជ្ឈមណ្ឌលកម្ចាត់មីនអាស៊ាន និង ទៅបម្រើការងារនៅក្រសួងការបរទេសជាដើម មិនមែន  ជាការដកតំណែងអ្វីនោះឡើយ។

ការប្រតិកម្មរបស់លោកឧត្តមសេនីយ៍ឯក កែន សូសាវឿន កើតមានឡើងបន្ទាប់ពីលោកទេសរដ្ឋមន្រ្តី សេរី កុសល បានបដិសេធនូវសំណើ មួយចំនួន ដែលលោកពិនិត្យឃើញថា វាមិនត្រឹមត្រូវនាំដល់ការប្រឈមមុខនិងច្បាប់ប្រឆាំងអំពើពុករលួយ។ ព្រោះតែការបដិសេធនេះហើយ ទើបនាំឲ្យលោកឧត្តមសេនីយ៍ឯក សូសាវឿន ផ្ទុះការខឹងសម្បា និងព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកទេសរដ្ឋមន្រ្តី។ នេះបើតាមការ បញ្ជាក់បន្ថែមរបស់លោក សេរី កុសល។

លោកទេសរដ្ឋមន្រ្តី សេរី កុសល បានថ្លែងយ៉ាងដូច្នេះ «គាត់វាយប្រហារខ្ញុំតាមទំព័រ Facebook របស់គាត់រាល់ថ្ងៃ តែខ្ញុំមិនតបត។ គាត់វាយ ប្រហារខ្ញុំ ដោយសារខ្ញុំធ្វើឲ្យគាត់បាត់ប្រយោជន៍នៅក្នុងអាជ្ញាធរមីនកម្ពុជា។ ការផ្លាស់ប្តូរតួនាទីអគ្គនាយក អគ្គនាយករងមួយចំនួន សុទ្ធតែ មានការពិនិត្យ និង សម្រេចពីសម្តេចតេជោ ហ៊ុន សែន ខ្ញុំមិនទៅធ្វើអ្វីអត្តនោម័តតែឯងនោះទេ។ ខ្ញុំក្លាយខូចកេរ្តិ៍ឈ្មោះខ្ញុំ ស្អាតស្អំយូរហើយ  មិនទៅធ្វើអ្វីផ្តេសផ្តាស់នាំឲ្យឈ្មោះ កិត្តិយសខ្ញុំនោះទេ»

លោកទេសរដ្ឋមន្រ្តី សេរី កុសល បានបញ្ជាក់ផងដែរថា បច្ចុប្បន្នការសាមគ្គីភាពផ្ទៃក្នុង នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និង  សង្រ្គោះជនពិការដោយសារមីន កំពុងមានភាពចុះសម្រុង និង ស្រុះស្រួលគ្នាល្អប្រសើរ ហើយអាជ្ញាធរ កំពុងប្រឹងប្រែងបំពេញការងារ ស្វែង រកជំនួយធ្វើការបោសសំអាតមីនឲ្យអស់ពីលើផ្ទៃដីកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត។

លោកទេសរដ្ឋមន្រ្តី បានផ្តាំទៅលោកឧត្តមសេនីយ៍ឯក កែន សូសាវឿន ឲ្យគាត់ឈប់ស្វែងរកប្រយោជន៍ពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កម្ចាត់មីន និង សង្រ្គោះជនពិការដោយសារមីន បន្តទៅទៀត ដែលនាំប្រឈមមុខច្បាប់ផ្សេងៗ ខណៈដែលរបាយការណ៍មួយចំនួនត្រូវបាន  លោកបញ្ជូនទៅសម្តេចតេជោ ហ៊ុន សែន ពិនិត្យរួចរាល់អស់ហើយ។

សូមបញ្ជាក់ថា លោកទេសរដ្ឋមន្រ្តី សេរី កុសល ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្តស្នើសុំ ព្រះមហាក្សត្រតែងតាំងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និង សង្រ្គោះជនពិការដោយសារមីន ហើយក៏ត្រូវ  បានព្រះមហាក្សត្សត្រាស់បង្គាប់តែងតាំងកាលពីខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ ជំនួសលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន។ រីឯកលោកទេស  រដ្ឋមន្រ្តី លី ធុជ តែងតាំងជាអនុប្រធានទី២៕

លោកទេសរដ្ឋមន្រ្តី សេរី កុសល

លោកឧត្តមសេនីយ៍ឯក កែន សូសាវឿន