(ភ្នំពេញ​)៖​ ស្ត្រីម្នាក់ឈ្មោះ​ ធន់​ យ៉េត​ អាយុ​៣០​ឆ្នាំ​ បានស្រែកទ្រហ៊ាយំបោកខ្លួន​ នៅក្បែរសាកសពរបស់ប្តី​ នាងនឹងនិយាយទាំងទឹកភ្នែកសុំឲ្យសមត្ថកិច្ច ជួយរកមូលហេតុពិតប្រាកដទាក់ទងនឹងការស្លាប់​ របស់ប្តីគាត់​។

ជុំវិញបញ្ហាដែលស្ត្រីជាប្រពន្ធបានស្រែកយំនេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង​ ៥​៖៣០នាទី​ ព្រលឹមថ្ងៃទី​០១​ ខែមិថុនា​ ឆ្នាំ២០១៦​ ក្រោយពី​បុរសជាប្តីរបស់នាង​ ឈ្មោះ​ ស៊ន​ គីមហុង​ អាយុ​៣៧​ឆ្នាំ​ មុខរបរជាកម្មករសំណង់ត្រូវបានគេប្រទះឃើញដេកបាក់កស្លាប់ នៅក្បែរបន្ទប់ទឹកក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិតាឡី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។

បើយោងតាមសម្តីមេកា​ ឈ្មោះ​ សុខ​ ហៃ​ បានឲ្យដឹងថា​ កាលពីល្ងាចថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ក្រោយពីចប់ម៉ោងការងាររួចនោះ​ ឈ្មោះ​ ស៊ន​ គីមហុង​ (ស្លាប់)​ នឹងមិត្តភ័ក្រពីរបីនាក់ទៀត​ បានផឹកស្រាជាមួយគ្នា​ រហូតផឹកស្រាអស់ពីរលីត្រ​ ពួកគេក៏បែកគ្នា​ ដោយឈ្មោះ​ ស៊ន​ គីម​ហុង​ បានឡើងទៅដេកលើកឡៅតឿន​ ជាន់ទីមួយក្នុងការដ្ឋានដែលកំពុងសាងសងមិនទាន់រួច​ នៅក្បែរកន្លែងផឹកសីុ​ ចំណែកអ្នកផ្សេងទៀត ក៏ដើរទៅដេកតាមកន្លែងរៀងៗខ្លួន​។

ប្រភពបន្តថា​ លុះព្រឹកព្រលឹមស្រាងៗប្រហែលជាម៉ោង​៥៖៣០​នាទី​ លោកបានដើរទៅដាស់ឈ្មោះ​ ស៊ន​ គីមហុង​ អោយក្រោកដើម្បីបន្តការងារដូចសព្វដង​ ប៉ុន្តែពេលដើរចូលទៅក្នុងសំណង់ការដ្ឋានសាងសង ស្រាប់តែប្រទះឃើញឈ្មោះ​ ស៊ន​ គីងហុង​ បានដេកស្លាប់ក្បែរបន្ទប់ទឹកជាន់ផ្ទាល់ដីតែម្តងទៅ​ ដោយមានស្នាមរបួសជង្គង់​ នឹងដៃ​។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ដែលចុះពិនិត្យផ្ទាល់បានសន្និដ្ឋានថា​ ករណីនេះអាចកើតឡើងដោយសារ​ ជនរងគ្រោះឈ្មោះ​ ស៊ន​ គីមហុង​ ផឹកស្រាស្រវឹងហើយឡើងទៅដេក លើកឡៅតឿន​ រមៀលធ្លាក់មកក្រោមបោកក្បាលនឹងថ្ម​ នឹងបាក់កស្លាប់ទៅ។

សមត្ថកិច្ចបញ្ជាក់ថាក្រោយពិនិត្យរួចរាល់សមត្ថកិច្ច បានធ្វើលិខិតប្រគល់សាកសព ទៅអោយក្រុមគ្រួសារដឹកយកទៅស្រុកកំណើត នៅឯងខេត្តកំពង់ឆ្នាំង​ ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៕​