(កំពង់ធំ)៖ ដោយយោងលើសំណើរបស់បងប្អូនប្រជាពលរដ្ឋចំនួន១១២ គ្រួសារ ស្ថិតក្នុងភូមិគគីរជួរ ភូមិទួលចាន់ និងភូមិចំបក់ត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ ២០១៦ លោក គង់ វិមាន តំណាងឲ្យ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានដឹកនាំអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងស្នើសុំជួសជុលផ្លូវប្រវែង៣០០០ម៉ែត្រ​ របស់ប្រជាពលរដ្ឋ ចាប់ពីចំណុចទួលខែលរមាសដល់ចំណុចអូររូងរាំង ហើយការជួសជុលផ្លូវនេះគឺបងប្អូនប្រជាពលរដ្ឋ បានប្រមូលរៃអង្គាសថវិកាគ្នា សម្រាប់ជួសជុលខ្លួនឯងផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា ចំពោះទីតាំងនេះជាតំបន់ដែលប្រជាពលរដ្ឋ ធ្លាប់បានធ្វើស្រែតាំងពីជំនាន់ដូនតា យូយាណាស់មកហើយ ប៉ុន្តែដោយស្ថានភាពផ្លូវពិតជាមានការលំបាក ក្នុងការដឹកជញ្ជូនកសិផលកសិកម្ម នៅរដូវប្រាំង បានធ្វើឲ្យប្រជាកសិករទាំង១១២គ្រួសារ បានធ្វើសំណើសុំការជួសជុលផ្លូវនេះឡើង។

ក្រោយពីបានចុះពិនិត្យដោយយោងតាមទិដ្ឋភាពជាក់ស្តែង គេសង្កេតឃើញថាការស្នើសុំរបស់ប្រជាពលរដ្ឋ ពិតជាមានលក្ខណៈសមស្របមិនមានផលប៉ះពាល់អ្វីទេ។

លោក គង់ វិមាន បានសំណូមដល់គ្រប់ជំនាញត្រូវតែរួមគ្នា ជួយដោះស្រាយតាមសំណូមពរនេះ ឲ្យបានលឿន ដើម្បីដោះស្រាយជូនបងប្អូនប្រជាកសិករ ឲ្យបានមុនរដូវទឹកឡើងនេះ និងសំណូមពរដល់ប្រជាពលរដ្ឋពេលអាស្រ័យផលត្រូវរក្សាព្រៃលិចទឹកបឹង ត្រពាំង ឲ្យស្ថិតក្នុងស្ថានភាពដដែល ដោយមិនឲ្យមានការហែកហួរនូវការកាប់ទន្ទ្រានដីព្រៃ ដោយកាប់បំផ្លាញថ្មីនោះទេ សូមឲ្យអនុវត្តទៅតាមការស្នើសុំតាមសំណើរបស់បងប្អូន បងប្អូនត្រូវគោរពច្បាប់ទាំងអស់គ្នា៕