(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហាញពីទិដៅ និងលទ្ធផលការងារដ៏សំខាន់របស់ក្រុមការងារថា មកដល់ពេលនេះ ការស្ដារឡើងវិញ និងការជួសជុលប្រព័ន្ធធារាសាស្ត្រ សម្រេចបានលទ្ធផល ៨០ភាគរយ និងកំពុងបន្តយ៉ាងសកម្ម ដើម្បីឈានទៅបញ្ចប់ជាស្ថាពរ ក្នុងពេលដ៏ខ្លីខាងមុខ ហើយក្រសួងធនធានទឹក បានលើកទិសដៅការងារបន្តចំនួន៤ចំណុច ដើម្បីដោះស្រាយបញ្ហាទឹក ជូនប្រជាពលរដ្ឋ។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នាទីស្តីការក្រសួងធនធានទឹក លោករដ្ឋមន្រ្តីបានលើកឡើងថា «សម្រាប់ការអនុវត្តការងារក្នុងឆ្នាំ២០១៦ យើងបានលើកទិសដៅចម្បង ចំនួន៤ចំណុច រួមមាន៖ ទី១. បន្តកិច្ចសហប្រតិបត្តិការ និងគៀងគររកជំនួយ ពីដៃគូអភិវឌ្ឍនានា ដើម្បីអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រគ្រប់ប្រភេទ បន្តសាងសង់អាងទឹកធំៗ បន្តសាងសង់សំណង់កាត់ស្ទឹង នៅជុំវិញបឹងទន្លេសាប និងបន្តធ្វើអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ ក្នុងក្របខណ្ឌទូទាំងប្រទេស ទី២. ជំរុញការធ្វើទំនើបកម្មឧតុនិយម និងជលសាស្ត្រ ដើម្បីបង្កើនសុក្រឹតភាព នៃការព្យាករអាកាសធាតុ ទឹកជំនន់ និងជូនដំណឹងឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ទី៣. ជំរុញការធ្វើទំនើបកម្មលើការសិក្សាស្រាវជ្រាវ ដោយប្រើប្រាស់បច្ចេកវិទ្យា (LIDAR) ដើម្បីប្រមូលទិន្នន័យ និងឈានទៅបង្កើតផែនទីទឹកក្រោមដី និងទី៤. បន្តការចុះអង្កេតស្រាវជ្រាវ និងផ្ទៀងផ្ទាត់ដល់ទីតាំងជាក់ស្តែង ដើម្បីប្រមូលទិន្នន័យ និងឈានទៅដល់ការរៀបចំផែនទីជំនន់នៅកម្ពុជា»

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានបន្ថែមថា ការស្តារ និងការជួសជុលឡើងវិញ នៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រគ្រប់ប្រភេទ ទាំងក្នុងក្របខ័ណ្ឌថវិកាជាតិ និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអភិវឌ្ឍន៍ បាននិងកំពុងប្រព្រឹត្តទៅតាមផែនការ ដែលបានគ្រោងទុក ហើយមកដល់ពេលនេះ ការដ្ឋាននីមួយៗ សម្រេចបានលទ្ធផលប្រមាណ៨០ភាគរយ និងកំពុងបន្តយ៉ាងសកម្មភាព ដើម្បីឈានទៅបញ្ចប់ជាស្ថាពរ ក្នុងពេលដ៏ខ្លីខាងមុខ។

លោកបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការងារនេះ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានខិតខំប្រឹងប្រែធ្វើកាជាបន្តបន្ទាប់ និងជាប់ជាប្រចាំ ដើម្បីចូលរួមដោះស្រាយ និងឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ ឱ្យបានទាល់ពេលវេលា៕