(ហាណូយ)៖ អាជ្ញាធរអាកាសចរស៊ីវិលវៀតណាម (CAAV) បាននឹងកំពុងពិភាក្សាជាមួយនឹងភ្នាក់ងារពាក់ព័ន្ធ ដើម្បីសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយ នៅក្នុងរដ្ឋធានី Hanoi ជាមួយនឹងការវិនិយោគជាទឹកប្រាក់ជាង ៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក នេះបើតាមសារព័ត៌មាន ស៊ិនហួ ចេញផ្សាយនៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ។

ការសាងសង់អាកាសយានដ្ឋានថ្មីនេះ មានគោលបំណងដើម្បីលុបបំបាត់ចំនួនមនុស្សដ៏ច្រើន នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ជាអាកាសយានដ្ឋានដំបូង និងអស់រយៈពេលយូរមកហើយមានតែមួយគត់ នៅក្នុងរដ្ឋធានីនេះ។ អាកាសយានដ្ឋានថ្មីនេះ នឹងត្រូវបានអភិវឌ្ឍឡើងលើផ្ទៃដី៧២០ហិកតា នៅជិតអាកាសយានដ្ឋាន Noi Bai នេះបើតាមការលើកឡើង របស់លោក Lai Xuan Thanh ប្រធាន CAAV បានឲ្យដឹងយ៉ាងដូច្នេះ។ ការចំណាយលើតំបន់ប៉ះពាល់ នឹងមានចំនួនទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ខណៈការសាងសង់នឹងចំណាយទឹកប្រាក់ជិត ៣.៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។

«ការសាងសង់ អាកាសយានដ្ឋានថ្មីនេះ គឺជាបញ្ហាជាបន្ទាន់មួយ» នេះបើតាមសម្តីលោក Thanh។ លោកបន្តថា កំណើនយ៉ាងខ្លាំង នៅក្នុងវិស័យអាកាសចរណ៍បានកើនសម្ពាធយ៉ាងខ្លាំងនៅអាកាសយានដ្ឋាន។

CAAV បាននឹងកំពុងប្រមូលទស្សនៈ ពីភ្នាក់ងារពាក់ព័ន្ធ និងក្រុមអាជ្ញាធរក្រុងហាណូយ អំពីការសាងសង់ មុនពេលបញ្ជូនទៅកាន់រដ្ឋាភិបាល។ អាកាសយានដ្ឋាន Noi Bai បច្ចុប្បន្ន ត្រូវបានសាងសង់ឡើងដោយមានសមត្ថភាព បម្រើដល់អ្នកធ្វើដំណើរ ២៥លាននាក់ក្នុងមួយឆ្នាំ។ វៀតណាមក៏បាននឹងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ដ៏ធំសម្បើមមួយទៀតផងដែរ នៅភាគខាងត្បូងខេត្ត Dong Nai មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើត ទីក្រុង Ho Chi Minh៕

អាកាសយានដ្ឋានអន្តរជាតិ នៅភាគខាងត្បូងខេត្ត Dong Nai ដែលកំពុងសាងសង់