(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយមន្រ្តីមកពីបណ្តាប្រទេសពាក់ព័ន្ធមួយ  ចំនួនទៀត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ បានចូលរួមកិច្ចពិភាក្សាមួយនៅក្នុងប្រទេសជប៉ុន ស្តីពី «គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ អាស៊ី បញ្ហាប្រឈម និងកាលានុវត្តភាពពាណិជ្ជកម្ម»។

សូមបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ខ្លាំងសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់អាស៊ី។ ទោះជា យ៉ាងណា ការផ្តល់មូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធពីអង្គការពហុភាគី និងទ្វេភាគី មិនគ្រប់គ្រាន់សម្រាប់បំពេញតាមតម្រូវការ នៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការជាចាំបាច់នៅក្នុងតំបន់អាស៊ីនេះទេ។

នៅក្នុងកិច្ចពិភាក្សានៅថ្ងៃនេះ វាគ្មិនបានពិភាក្សាអំពីរបៀប ដែលធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីទើបបង្កើតថ្មី ហៅកាត់ AIIB និង ស្ថាប័នដទៃទៀត រួមជាមួយវិស័យឯកជន អាចធ្វើការរួមគ្នា ដើម្បីបំពេញតាមតម្រូវការ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ី។  ជាមួយគ្នានេះ ក្រុមវាគ្មិន ក៏បានពិភាក្សាផងដែរ អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណៈលឿនរហ័ស ធៀបនឹងការអភិវឌ្ឍប្រកប  ដោយគុណភាព។

កាលពីឆ្នាំ២០១៥កន្លងទៅ នាយករដ្ឋមន្ត្រីជាប៉ុន លោក ស៊ីហ្ស៊ូ អាបេ បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុ របស់រដ្ឋាភិបាលជប៉ុន គិតជាទឹក ប្រាក់ប្រមាណ ១១០ពាន់លានដុល្លារ សម្រាប់មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាពសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។

ចំនួនទឹកប្រាក់នេះ បានកើនឡើងដល់ ២០០ពាន់លានដុល្លារហើយមកដល់ពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់ក្រសួងសាធារណ ការ និងដឹកជញ្ជូន៕