(កណ្តាល)៖ លោក ឌិត ទីណា រដ្ឋលេខាធិការ តំណាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែសំណង់ទាំងអស់ត្រូវគោរពច្បាប់ និងជួយអភិវឌ្ឍដល់មូលដ្ឋានដែលខ្លួនធ្វើអាជីវកម្ម នៅក្នុងវេទិការសាធារណៈពិគ្រោះយោបល់អំពី ការស្នើសុំធ្វើអាជីវកម្មថ្មសំណង់ នៅតំបន់ភ្នំខ្សាក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ 

វេទិកាសាធារណៈនេះក៏ទទួលបានការចូលរួមដោយលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងរ៉ែ និងថាមពល មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋប្រមាណជិត ៧០០នាក់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងក្តីកង្វល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ មុននឹងក្រសួងរ៉ែ និងថាមពល ចេញអាជ្ញាប័ណ្ណអាជីវកម្មរ៉ែថ្មសំណង់ ជូនក្រុមហ៊ុន ហុង ហ្វុង អ៊ិនដាស្ទ្រី ខបភើរេសិន អិលធីឌី ដែលបានដាក់ពាក្យសុំធ្វើអាជីវកម្មថ្មសំណង់នៅតំបន់ខាងលើ ។

លោក រដ្ឋលេខាធិការ ក៏បានជម្រាបជូនអង្គវេទិកាថា ជាលក្ខណៈផ្លូវច្បាប់ធនធានធម្មជាតិជាសម្បត្តិសាធារណៈរបស់រដ្ឋ ដូច្នេះរដ្ឋមានកាតព្វកិច្ចថែរក្សាការពារ និងធ្វើការអភិវឌ្ឍទៅតាមច្បាប់កំណត់ ហើយថ្ងៃនេះមុននឹងក្រសួងរ៉ែ និងថាមពល ចេញអាជ្ញាប័ណ្ណអាជីវកម្មជូនក្រុមហ៊ុន គឺក្រសួងបានរៀបចំវេទិកានេះឡើងដើម្បីសុំមតិយោបល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ពាក់ពន្ធ័នឹងការធ្វើអាជីវកម្មថ្មសំណង់នៅភ្នំខ្សាកនេះ។

លោកបន្ថែមថា​ ក្រសួង​បានចាត់មន្ត្រីជំនាញចុះសិក្សារួចហើយ ក្រុមហ៊ុនក៏បានធ្វើការសិក្សាពីផលប៉ះពាល់បរិស្ថានរួចហើយដែរ ហើយអ្វីដែលទទួលបានផលពីការធ្វើអាជីវកម្មនេះគឺ ចំណូលថវិកាជាតិ ចំណូលថវិកាសម្រាប់សហគមន៍មូលដ្ឋាន ហើយនិងជួយសម្រួលដល់ការស្ថាបនាផ្លូវជាតិលេខ២១ ដែលត្រូវការថ្មសំណង់ជាចាំបាច់ ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានខេត្តកណ្តាលដូចជាផ្លូវបេតុង សាលារៀន​ វត្តអារាម រួមនិងការដ្ឋានសំណង់ផ្ទះផងដែរ ដែលតម្លៃថ្មសំណង់នេះ នឹងថោកជាងពាក់កណ្តាលបើប្រៀបជាមួយថ្មសំណង់ដែលដឹកពីខេត្តកំពង់ស្ពឺ ឬតាកែវ ឬតំបន់ផ្សេងទៀត ព្រោះថាក្នុងខេត្តកណ្តាលជាពិសេសស្រុកស្អាង និងកោះធំនេះ មិនមានការដ្ឋានអាជីវកម្មថ្មសំណង់នោះទេ។

ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានសំដែងមតិយ៉ាងផុលផុស ដែលផ្តោតសំខាន់លើការដឹកជញ្ជូនថ្មសំណង់ នឹងបង្កឲ្យហ៊ុយដី ខូចខាតផ្លូវ អាចមានសម្លេងរំខាន និងបានសំណូមពរដល់ក្រុមហ៊ុន សូមឲ្យផ្តល់ថ្មសំណង់ដោយឥតគិតថ្លៃដល់ការសាងសង់សំណង់សាធារណៈដូចជា វត្តអារាម ប្រឡាយទឹក ទំនប់ទឹក។ រាល់មតិ​យោបល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ត្រូវបានក្រសួងក៏ដូចជាសាលាខេត្ត និងក្រុមហ៊ុនស្វាគមន៍ទទួលយក និងដោះស្រាយជូន ហើយអង្គវេទិកាបាន​បញ្ចប់ដោយមានការគាំទ្រឲ្យមានការដ្ឋានអាជីវកម្មថ្មសំណង់នៅភ្នំខ្សាកនេះ ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលចូលរួម៕