(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការដាំដុះដំណាំស្រូវនៅដើមរដូវវស្សាឆ្នាំ២០១៦នេះ មានភាព យឺតយ៉ាវ ពោលគិតត្រឹមថ្ងៃទី២៥ ខែឧសភា ការដាំដុះស្រូវសម្រេចបាន ៥,៣៤ភាគរយប៉ុណ្ណោះ ទាបជាងឆ្នាំ២០១៥ ជិត ១០ភាគរយ។

របាយការណ៍របស់ក្រសួងកសិកម្ម ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ បញ្ជាក់ឲ្យដឹងថា គិតត្រឹមសប្ដាហ៍ទី៤ ខែឧសភា ផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សាមានភាពយឺតយ៉ាវជាងឆ្នាំមុនរហូតដល់ជាង ២៤ម៉ឺនហិកតា។

ក្រសួង ក៏បានឲ្យដឹងផងដែរថា ផ្ទៃដីដាំដំណាំរួមផ្សំសម្រេចបានជាង ១២ហិកតា តិចជាងឆ្នាំមុនជាង ១៨ម៉ឺនហិកតា។ ដោយឡែកផ្ទៃដី ដាំដំណាំឧស្សាហកម្មសម្រេចបានជាង ១ម៉ឺនហិកតា តិចជាងឆ្នាំមុនជាង ៥ពាន់ហិកតា។

បើទោះបីជាការដាំដុះនៅដើមរដូវវស្សាឆ្នាំនេះ មានភាពតិចតួចក្តី តែប្រជាកសិករ បាននិងកំពុងខិតខំជំរុញការរៀបចំដី ភ្ជួររាស់ សាប ព្រោះ និងដកស្ទូង ឲ្យទាន់រដូវកាលដាំដុះ ដោយអនុវត្តបច្ចេកទេសកសិកម្មសមស្រប។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ក្រសួង កសិកម្ម។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអំពាវនាវឲ្យប្រជាកសិករ ក៏ដូចជាស្ថាប័នពាក់ព័ន្ធចូលរួមគ្រប់គ្រងថែរក្សាទឹកទុកឲ្យ អស់លទ្ធភាពសម្រាប់ការស្រោចស្រពចាប់ពីដើមរដូវវស្សា រហូតដល់ចុងរដូវប្រាំង ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម។ ដោយឡែកជំងឺឆ្លងសត្វ និងជំងឺឆ្លងរាតត្បាតផ្សេងៗ លើសត្វពាហនៈពុំមានចោទជាបញ្ហាទេ។

សូមបញ្ជាក់ថា ដោយសារកម្ពុជា បានជួបប្រទះភាពរាំងស្ងួត ធ្វើឱ្យការធ្លាក់ទឹកភ្លៀង អូសបន្លាយមកដល់ដើមខែឧសភានេះ ជាកត្តា នាំឱ្យការបង្កបង្កើនផលរបស់ប្រជាកសិករ មានសភាពយឺតយ៉ាវជាងឆ្នាំមុន។ បើទោះបីជាយ៉ាងណា តាមការផ្សងរបស់គោឧសភរាជ ក្នុងព្រះរាជពិ ធីច្រត់ព្រះនង្គ័លនៅលើទឹកដីសៀមរាបអង្គរកាលពីសប្តាហ៍កន្លងទៅ បានឲ្យដឹងថា ការដាំដុះដំណាំស្រូវនៅឆ្នាំនេះ នឹងទទួលបានផលល្អរហូតដល់ទៅ ៩០ភាគរយ៕