(ភ្នំពេញ)៖ អភិបាលរងខេត្តត្បូងឃ្មុំចំនួន៦រូប និងនាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ១រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អភិបាលរងខេត្តត្បូងឃ្មុំទាំង៦រូបនោះ រួមមាន លោក ម៉ៅ ឌុង លោក គន់ រ័ត្នមុនី លោក ហុក ពេជ្រហោះ លោក ម៉ាត់ ហ្គោហ្វូត លោក ប៉េង សម្បត្តិ និងលោក ណុប ឡងឌី។

ចំណែកលោក សេង ជ័យវុធ ឋាន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ត្រូវបានប្រកាសចូលកាន់តំណែងជានាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ។ លោក សេង ជ័យវុធ ជាបណ្ឌិតដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។ លោកធ្លាប់ជាសាស្ត្រាចារ្យ និងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យមួយនៅខេត្តបាត់ដំបងផងដែរ។

នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏បានធ្វើរបាយការណ៍ស្ដីពីការអភិវឌ្ឍ និងការរីកចម្រើនក្នុងខេត្តដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ លេង វី បានផ្ដាំផ្ញើឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ និងខិតខំបំពេញកិច្ចការដែលថ្នាក់លើប្រគល់ជូន ដើម្បីធ្វើជាសេនាធិការឱ្យរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល៕