(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យមានការប្រិតប្រៀង និងប្រឡងឱ្យបានត្រឹមត្រូវក្នុងការជ្រើសរើសមន្ត្រីរាជការ ហើយការរើសនេះទៀតសោតមិនត្រូវឱ្យច្រើនហួសហេតុ រហូតនាំដល់វិបត្តិថវិកាជាតិនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣ពាន់នាក់នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២នេះ។ នៅក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសស្រីលង្កា រហូតឈានដល់ការតវ៉ាទម្លាក់មេដឹកនាំនៅក្នុងប្រទេសនេះ។

ពាក់ព័ន្ធវិបត្តិនៅក្នុងប្រទេស្រីលង្កានេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការសិក្សាស្រាវជ្រាវមួយថា មួយផ្នែកនៃវិបត្តិកើតចេញពីការចំណាយច្រើនក្នុងការបើកប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ ភ្លាមៗសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យស្រាវជ្រាវពីចំនួនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសមួយនេះ។

តាមរយៈអ្នកមានទំនាក់ទំនងនៅប្រទេសស្រីលង្កា លោកទេសរដ្ឋមន្ត្រី ឧស្មាន ហាស្សាន់ ទទួលបានទិន្នន័យថា ប្រទេសស្រីលង្កាដែលមានប្រជាពលរដ្ឋជិត ២២លាន មានមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធរហូតដល់ទៅជិត២លាននាក់។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកចំនួនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងប្រទេសស្រីលង្កា ជាចំនួនមួយច្រើន ដែលអាចជាមូលហេតុមួយនាំឱ្យមានវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសស្រីលង្កា។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ជាធម្មតាចំណាយទៅលើបន្ទុកមន្ដ្រីបុគ្គល គេឱ្យចាយត្រឹមតែ ៤ភាគរយ នៃផលិតផលសរុបក្នុងស្រុក ហើយបើសិក្សាពីវិបត្ដិស្រីលង្កា បន្ទុកបុគ្គលប្រហែលជាច្រើនហួស ដែលមិនមែន ៤ ទៅ១០ភាគរយទេ អាចចូលទៅដល់២០ ទៅ៣០ភាគរយ នៃផលិតផលសរុបក្នុងស្រុក»

ពាក់ព័ន្ធបញ្ហារបស់ស្រីលង្កកានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើកកម្ពុជាជាជំនាញការវិញ គឺសម្តេចនឹងនាំឱ្យកាត់បុគ្គលចេញ ដើម្បីសម្រាលបន្ទុកចំណាយ។

ផ្តើមចេញពីបទពិសោធន៍នៅក្នុងប្រទេសស្រីលង្កានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំមិនឱ្យមានការរើសមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធច្រើនហួសហេតុពេកនោះទេ។ បើតាមសម្តេចតេជោ បច្ចុប្បន្នប្រទេសកម្ពុជា មានមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបជាង ៤០ម៉ឺននាក់។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំនួនបុគ្គលរដ្ឋរបស់ប្រទេសស្រីលង្កា លើសកម្ពុជាដល់ទៅ៤ដង។ សព្វថ្ងៃសរុបមនុស្ស ដែលយើងទទួលបន្ទុកចិញ្ចឹម ត្រឹមតែជាង ៤០ម៉ឺននាក់ ចឹងមិនអាចទប់ទល់ទៅរួច»

ទន្ទឹមនឹងការរំលឹកដល់ការជ្រើសរើសមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធបម្រើការងារនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យប្រិតប្រៀងក្នុងការជ្រើសរើសមន្ត្រីរាជការ ពោលត្រូវរើសអ្នកមានសមត្ថភាព និងប្រឡងឱ្យបានច្បាស់លាស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំបែបនេះ «ខ្ញុំឱ្យប្រុងប្រយ័ត្នខ្លាំងណាស់ទៅលើបញ្ហាក្របខណ្ឌ អត់ឱ្យរើសតែផ្តេសផ្តាស់ទេ។ [...] មិនមែននរណាចេះតែខិតខំសម្រុកចូលទៅយកក្របខណ្ឌរដ្ឋអត់ទេ ត្រូវប្រឡងឱ្យបានច្បាស់លាស់ ហើយត្រូវសម្រិតសម្រាំងយកអ្នកពូកែ។ មិនអាចចេះតែច្បោលៗហើយទទួលយកក្របខណ្ឌ នរណាក៏សូមក្របខណ្ឌ គិតតែក្របខណ្ឌ ដោយមិនគិតដល់ថវិកាជាតិ»

សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយលើបន្ទុកបុគ្គលិកចំនួន ៨,៦៥៣,៩៥៥ លានរៀល មានសមាមាត្រស្មើនឹង ៤៥.៣% នៃចំណាយចរន្ដថវិកាថ្នាក់ជាតិ ត្រូវជា ៦.៩៧% នៃផលិតផលក្នុងស្រុកសរុប មានកំណើន ១.០% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។

ច្បាប់ថវិកាជាតិឆ្នាំ២០២២ បានកម្រិតប្រាក់បៀវត្សអប្បបរមា និងប្រាក់បៀវត្សមន្រ្តីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឆ្នាំ២០២២ រក្សាស្មើកម្រិតឆ្នាំ២០២១ ដោយមិនមានការដំឡើងនោះឡើយ។

ការរក្សាកម្រិតប្រាក់បៀវត្សមន្រ្តីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ដើម្បីរាជរដ្ឋាភិបាល នៅមានលទ្ធភាពសន្សំថវិកា សម្រាប់បន្តការងារអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គម។ ជាពិសេស គឺការបង្កើនកញ្ចប់ថវិកាជួយជនក្រីក្រ និងជនងាយរងគ្រោះឲ្យបានដល់៩ខែជាបន្តទៀត នៅក្នុងឆ្នាំ២០២២។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏ធានានូវការបើកផ្តល់បៀវត្ស ជូនមន្ត្រីរាជការឲ្យបានទាន់ពេលវេលា ពោលគឺ ២ដង ក្នុង១ខែ ដោយមិនកាត់ប្រាក់បៀវត្ស មន្រ្តីរាជការគ្រប់ប្រភេទ នៅឆ្នាំ២០២២នោះឡើយ។

កម្រិតប្រាក់បៀវត្សអប្បបរមារបស់មន្រ្តីរាជការគ្រប់ប្រភេទ និងកម្លាំងប្រដាប់អាវុធ ឆ្នាំ២០២២ ត្រូវបានរក្សាដូចខាងក្រោម៖

* បៀវត្សមន្ត្រីរាជការស៊ីវិល រក្សាស្មើនឹងប្រមាណ ១,១៧២,៥០០រៀល
* បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ រក្សាស្មើនឹងប្រមាណ ១,២៧២,៥០០រៀល
* បៀវត្សនគរបាល (ពលបាលត្រី) រក្សាស្មើនឹងប្រមាណ ១,២៥៦,៩៧៧រៀល (គិតបញ្ចូលរបបអង្ករ)
* បៀវត្សយោធិន (ពលទោ) រក្សាស្មើនឹងប្រមាណ ១,១២៣,៥០០រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករ ត្រូវជាប្រមាណ ១,១៨១,៩៧៧រៀល៕