(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ សហការជាមួយកម្លាំង ប្រជាការពារដេញតាមប្រម៉ាញ់ វាយខ្នោះយុវជន២នាក់ដោយ សង្ស័យ ជាចោរឆក់កាបូបលុយ ពីជនរងគ្រោះ បន្ទាប់ពីកម្លាំងនគរបាលមូលដ្ឋាន ឮពលរដ្ឋស្រែកថាចោរៗតាមដងផ្លូវសាធារណៈ។
ករណីខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្បែរផ្ទះក្រហម ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក អ៊ីវ ឈុនផេង អធិការរងទទួលផែនយុត្តិធម៌ ខណ្ឌឫស្សីកែវ បានបង្ហើបប្រាប់ ភ្នាក់ងារ Fresh Newsថា ករណីចោរឆក់នេះនៅ មិនមានតម្រុយពី ជនរងគ្រោះនៅឡើយទេ និយាយរួមគ្មានបណ្ដឹងពីជនរងគ្រោះថា ត្រូវចោរឆក់នោះទេ ព្រោះជាករណីសង្ស័យទៅ លើយុវជន២នាក់ ដែលកំពុងជិះបើកម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈនោះស្រាប់តែស្នូរស្រែកថាចោរៗទើបកម្លាំង នគរបាលមូលដ្ឋាន សង្ស័យដេញតាមក្របួចឃាត់ខ្លួន យុវជន២នាក់ភ្លាមៗតែម្ដង។

ជនត្រូវជាប់សង្ស័យករណីឆក់៖ ទី១-ឈ្មោះ សុះ ណាអ៊ីម អាយុ១៨ឆ្នាំ មានមុខរបរនៅផ្ទះ មានស្រុកកំណើត និងស្នាក់នៅផ្ទះលេខ៥១ ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី២-ឈ្មោះ រឿន សុងហ៊ី អាយុ២២ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅ ក្បែរគ្នា ជាមួយជនសង្ស័យទី១ និងមានស្រុកកំណើត នៅភូមិ៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។
ចំណែកម៉ូតូរបស់ជនត្រូវសង្ស័យទាំង២នាក់ ជិះនោះម៉ាកហុងដា ស្កុបពី ពណ៌ត្រួយចេកលាយស ពាក់ស្លាកលេខភ្នំពេញ 1BE-8511។ ក្រោយកម្លាំងនគរបាលឃាត់ខ្លួនជនត្រូវសង្ស័យទាំង២នាក់ សួរនាំឆែកឆេរនូវ និងខ្លួនរកឃើញត្រឹមតែទូរស័ព្ទអាយហ្វូន១គ្រឿង និងថវិកាបន្តិចបន្តួចតែប៉ុណ្ណោះ និងជាកម្មសិទ្ធិរបស់ជនត្រូវសង្ស័យថែមទៀតផង។

ពាក់ព័ន្ធករណីខាងលើនេះ ភ្នាក់ងារ Fresh News ពុំទាន់ទទួលបានរបាយការណ៍ពិស្ដារ ពីលោកនាយប៉ុស្ដិ៍ឫស្សីកែវ នៅឡើយទេ ព្រោះខលទូរស័ព្ទចូលតែអត់លើក។ តែសម្រាប់ជនត្រូវជាប់សង្ស័យទាំង២នាក់ បច្ចុប្បន្នកំពុងបន្តសួរនាំនៅប៉ុស្ដិ៍នគរបាលឫស្សីកែវ៕