(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការកត់សម្គាល់ថា មាននិស្សិតកម្ពុជាជាច្រើនចាប់អារម្មណ៍បន្តការសិក្សានៅចក្រភពអង់គ្លេស។ ក្នុងន័យនេះសម្តេចតេជោ បានបង្ហាញបំណងចង់ឃើញចក្រភពអង់គ្លេសវិនិយោគលើការអប់រំបង្កើតសាលាបង្រៀននៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យសិស្សនិស្សិតកម្ពុជាទទួលការអប់រំស្តង់ដាររបស់អង់គ្លេស។

បំណងចង់ឃើញចក្រភពអង់គ្លេសបើកសាលាបណ្តុះបណ្តាលនៅកម្ពុជា ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងនៅចំពោះមុខ លោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក្នុងឱកាសលោកស្រីចូលជម្រាបលាសម្តេចតេជោ ក្រោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានគូសរំលេចថា នៅក្នុងជំនួបនារសៀលថ្ងៃនេះសម្តេចតេជោ បានបង្ហាញការកត់សម្គាល់របស់សម្តេចថា បច្ចុប្បន្នមាននិស្សិតច្រើនពេញនិយមទៅរៀននៅចក្រភពអង់គ្លេស។ ដូច្នេះការការដែលចក្រភពអង់គ្លេសវិនិយោគលើការអប់រំនៅកម្ពុជា អាចនឹងទទួលបានការគាំទ្រខ្ពស់។

លោក អ៊ាង សុផល្លែត បានឱ្យដឹងថា បំណងដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើង ត្រូវបានលោកស្រី ធីណា រ៉េដស ទទួលយក ហើយលើកជូនរដ្ឋាភិបាល ក៏ដូចជាអ្នកវិនិយោគពីឱកាសនេះ។

ក្រៅតែលើកឡើងពីបញ្ហាខាងលើនេះទៅ ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅកម្ពុជានេះ លោកស្រី ធីណា រ៉េដស បានថ្លែងអំណរគុណសម្តេចតេជោ មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ធ្វើឱ្យបេសកកម្មការទូតរបស់លោកទទួលបាននូវលទ្ធផលល្អប្រសើរ។

លោកស្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អនេះ បានធ្វើឱ្យលោកស្រីសម្រេចនូវការងារជាច្រើន ក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យមួយចំនួនដូចជា អប់រំ បរិស្ថាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និងដោះមីនជាដើម។

បន្ទាប់ពីការបំពេញបេសកកម្មការទូតនៅកម្ពុជា រយៈពេលប្រមាណជា ៤ឆ្នាំកន្លងមកនេះ លោក ធីណា រ៉េដស បានជម្រាបសម្តេចតេជោថា លោកស្រីមានសុទិដ្ឋិនិយមថា កម្ពុជា នឹងទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកស្រី ធីណា រ៉េដស ដែលបានប្រឹងប្រែងបំពេញបេសកកម្មការទូតអស់ពីកម្លាំងកាយចិត្តដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអង់គ្លេស។ សម្តេចតេជោ បានឆ្លៀតថ្លែងអំណរគុណផងដែរ ដល់រដ្ឋាភិបាល និងចក្រភពអង់គ្លេស ដែលតែងតែផ្តល់ជំនួយជួយកម្ពុជា ចូលរួមចំណែកក្នុងការរកសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ បានជូនពរឱ្យលោកស្រី ធីណា រ៉េដស ទទួលបានជោគជ័យក្នុងបេសកកម្មដទៃទៀតរបស់លោកស្រី ក្រោយចាកចេញពីកម្ពុជា។

សូមបញ្ជាក់ថា លោកស្រី ធីណា រ៉េដស បានចូលមកបំពេញការងារនៅកម្ពុជាកាលពីឆ្នាំ២០១៨។ ក្នុងអាណត្តិការងាររយៈពេលប្រមាណ ៤ឆ្នាំនេះ លោកស្រី បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស។ លោកស្រី បានពិនិត្យ និងជំរុញនូវកម្មវិធីអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា៕