(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានលើកទឹកចិត្តដល់កុមារកំព្រាទាំងអស់ សូមកុំបាក់ទឹកចិត្ត ជាពិសេសត្រូវខិតខំរៀនសូត្រឱ្យបានជាប់ជាប្រចាំ ដើម្បីក្លាយជាយុវជនគំរូ និងជាយុវជនបន្តវេន សម្រាប់កម្ពុជា នាពេលអនាគត។

ការលើកទឹកចិត្តបែបនេះ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានធ្វើឡើងក្នុងឱកាសលោកស្រីបានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនកុមារកំព្រា និងប្រជាពលរដ្ឋចំនួន ៣០០នាក់ ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលពិធីបានរៀបចំនៅវត្តចាក់អង្រែលើ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពី សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៍ មានការអភិវឌ្ឍសង្គមសេដ្ឋកិច្ច យ៉ាងលឿន និងផ្តល់ឱកាស និងសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋក្នុងការប្រកបមុខរបរនានា មានជីវភាពរស់នៅកាន់តែប្រសើរជាលំដាប់ ដែលបានអនុញ្ញាតឱ្យយើងទាំងអស់គ្នាបានជួបជុំសំណេះ សំណាលគ្នានាពេលនេះ។

បន្ថែមពីនេះ លោកស្រីក៏បានក្រើនរំលឹកដល់ក្មួយៗកុមារកំព្រាទាំងអស់ថា ថ្វីត្បិតតែយើងកំព្រា កុំបាក់ទឹកចិត្ត កុំគិតថាយើងឯកោរ សូមក្មួយៗគិតថានៅមានការថែទាំពីសំណាក់ លោកគ្រូ អ្នកគ្រូ ជាពិសេស ការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនបានទុក្ខឲ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើដល់កុមារទាំងអស់ត្រូវថែទាំសុខភាព ជាពិសេស គោរពតាមវិធានការសុខភិបាល «៣ការពារ និង៣កុំ» ដើម្បីជៀសផុតពីជំងឺឆ្លងផ្សេងៗ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន សារធាតុញៀនផ្សេងៗ ត្រូវខិតខំរៀនសូត្រ ស្តាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ បង្កើនចំណេះដឹង បង្កើនជំនាញការងារ ដើម្បើចិញ្ចឹមជីវិត និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឱ្យក្លាយក្លាយជាទំពាំងស្នងឬស្សី និងក្លាយជាយុវជនគំរូ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

អំណោយដែលប្រគល់ជូនដល់កុមារកំព្រាទាំង ៣០០នាក់ រួមមាន៖

ទី១៖ មណ្ឌលកុមារកំព្រាភ្នំពេញថ្មី និងមជ្ឈមណ្ឌលកូលាបទី៤ ចំនួន២០០នាក់ ទទួលបាន អង្ករ ១,០០០គីឡូក្រាម, មី ២០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអីវ ១០យួរ, ទឹកសុទ្ធ ២០កេស, ម៉ាស ១កេស, ភេសជ្ជៈ ១០កេស ថវិកា ២លានរៀល ។

ទី២៖ កុមារនៅក្នុងសហគមន៍នៃសំណង់មិនរៀបរយ សង្កាត់ចាក់អង្រែលើ ចំនួន ១០០នាក់ ទទួលបាន អង្ករ ៥០០គីឡូក្រាម, មី ២០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអីវ ១០យួរ, ទឹកសុទ្ធ ២០កេស, ម៉ាស ១កេស, ភេសជ្ជៈ ៥កេស ថវិកា ២លានរៀល ។

និងទី៣៖ ចំណែកឯអ្នកចូលរួម ៣០០នាក់ ក៏ទទួលបានការឧបត្ថម្ភជាថវិកាពីសំណាក់ លោក អៀង ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន RITHYSETH DEVELOPMENT ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល៕