(ភ្នំពេញ)៖ លោក អេង កុសល ប្រធានក្រុមម៉ូតូ Bimmer Club Cambodia និងលោក ឆាយ ខាយម៉េង អនុប្រធាន បានសម្រេចចិត្តជិះម៉ូតូឆ្លងកាត់ ២៥រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា រយៈពេល ៣ថ្ងៃកន្លះ សរុបប្រមាណជាងបីពាន់ពីររយគីឡូម៉ែត្រឯណោះ។

ការជិះម៉ូតូនេះ គឺជាបំណងប្រាថ្នារបស់លោក អេង កុសល ដែលនឹងធ្វើឲ្យបានមុននឹងចូលនិវត្តន៍ពីការជិះម៉ូតូ ខណៈដែលលោក ឆាយ ខាយម៉េង ក៏បានកំដរក្នុងការជិះម៉ូតូរួមគ្នាផងដែរ ក្នុងនាមជាអ្នកចូលចិត្តការជិះម៉ូតូដូចគ្នា។ តាមពិតលោក អេង កុសល ចង់សាកល្បងដំណើរផ្សងព្រេងនេះ នៅឆ្នាំ២០២៥ ប៉ុន្តែដោយសារឃើញឱកាសល្អ លោកក៏សាកល្បងនៅឆ្នាំ២០២២នេះ ដោយជោគជ័យតែម្តង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ លោក អេង កុសល បានឲ្យដឹងថា ការធ្វើដំណើរប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីមុខសាលារាជធានីភ្នំពេញ និងបញ្ចប់វិញនៅទីតាំងនេះដដែល។ ដើម្បីបញ្ជាក់អំពីខេត្តនីមួយៗដែលបានទៅដល់ អ្នកទាំងពីរបានថតរូបនៅមុខសាលាខេត្តដើម្បីជាភស្តុតាង និងបានកត់ត្រាការជិះដោយកម្មវិធី Relive។

លោក អេង កុសល បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកខ្ញុំបានជិះ២៥ រាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ចម្ងាយជាង ៣,២០០គីឡូម៉ែត្រ រយៈពេល ៣ថ្ងៃកន្លះ។ ពួកយើងក៏មានបទពិសោធន៍ ក្នុងការជិះម៉ូតូធំទៅកាន់ប្រទេសឡាវ, វៀតណាម និងថៃផងដែរ»

លោកបន្តថា «ការជិះដ៏វែងឆ្ងាយនេះ ដើម្បីសម្រេចគោលដៅមុនចូលនិវត្តន៍ ពីការជិះម៉ូតូរបស់ខ្ញុំ និងលោក ឆាយ ខាយម៉េង ហើយគោលបំណងមួយទៀត ចង់បញ្ជាក់ថា ខេត្ដទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង អាចជិះម៉ូតូបានយ៉ាងរលូន»

លោក អេង កុសល ក៏បានបង្ហាញពីឧបសគ្គមួយចំនួន ក្នុងដំណើររបស់ខ្លួនថា នៅថ្ងៃដំបូងនៃការជិះ គឺពួកគាត់បានជិះជិត ១១ម៉ោង ក្រោមដំណក់ទឹកភ្លៀង ដែលជួនភ្លៀងខ្លាំងជួនភ្លៀងតិច និងឆ្លងកាត់រហូតដល់ ៩ខេត្ត។ ឧបសគ្គដែលត្រូវបានកត់ត្រា គឺពួកលោកអស់កម្លាំងយ៉ាងខ្លាំង ពេលធ្វើដំណើរលើចម្ងាយផ្លូវរហូតដល់ជាង ២៤០គីឡូម៉ែត្រ ដោយមិនឈប់ចាប់ពីខេត្តឧត្តមានជ័យ ទៅខេត្តព្រះវិហារ៕