(ព្រះសីហនុ)៖ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាយថាហេតុនៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២០ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរងជួយការងារ ដឹកនាំការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះរឹតបន្តឹងច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្តគ្រប់ប្រភេទ ហើយចំណុចគោលដៅនេះ ប្រជាពលរដ្ឋគាត់ឧស្សាហ៍ជិះបញ្ច្រាស់ញឹកញាប់ ពេលដែលកម្លាំងចុះអនុវត្តច្បាប់ និងណែនាំផ្សព្វផ្សាយពីផលប៉ះពាល់ពីការជិះបញ្ច្រាស់។

នេះបើយោងតាមការរៀបរាប់ពីនគរបាលបានបញ្ជាក់ថា សកម្មភាពចុះត្រួតពិនិត្យនេះនឹងចលត័ធ្វើជាបន្តបន្ទាប់ លើកំណាត់ផ្លូវជាតិលេខ៤ និងផ្លូវផ្សេងៗទៀតក្នុងខេត្តព្រះសីហនុ។

សូមរំលឹកថា អភិបាលខេត្តព្រះសីហនុ តែងតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងផ្លូវគោក និងផ្លូវទឹកទាំងអស់គ្នា ពោលគឺដើម្បីសុខសុវត្តិភាពខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ សហគមន៍ ក៏ដូចជាចូលរួមការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសផងដែរ៕