(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ និងមានការចូលរួមពី ក្រុមប្រឹក្សាឃុំ សង្កាត់ ជាប់ឆ្នោតថ្មីលើកទី ទាំងអស់ផងដែរ។

ក្នុងឱកាសនេះដែរ លោក ម៉ាង ស៊ីណេត សម្តែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្រុមក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងក្រុមការងារទីចាត់ការគ្រប់គ្រងធនធានមនុស្សទាំងអស់ ដែលបានខិតខំរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។

អភិបាលរងខេត្ត បានថ្លែងថា វគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមគោលដៅជាតិក្រុមប្រឹក្សាឃុំ- សង្កាត់ជាប់ឆ្នោតថ្មីក្នុងការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ និងមន្ត្រីកិច្ចសន្យាទទួលផ្នែកហិរញ្ញវត្ថុសម្រាប់ រដ្ឋបាលឃុំ-សង្កាត់ពេលនេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ដែលមានចំនួន ៩ជំពូកក្នុងនោះ៖

*ជំពូកទី១៖ ទិដ្ឋភាពទូទៅ
*ជំពូកទី២៖ រចនាសម្ព័ន្ធតួនាទីភារកិច្ចខ្សែគណនេយ្យ និងទំនាក់ទំនងអន្តរជាតិរដ្ឋបាល
*ជំពូកទី៣៖ ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង
*ជំពូកទី៤៖ កិច្ចប្រជុំក្រុមប្រឹក្សា
*ជំពូកទី៥៖ ផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគបីឆ្នាំរំកិល
*ជំពូកទី៦៖ ការផ្ដល់សេវាសាធារណៈ
*ជំពូកទី៧៖ កិច្ចការរដ្ឋបាល
*ជំពូកទី៨៖ ការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក
*ជំពូកទី៩៖ ការគ្រប់គ្រងហិរញ្ញវត្ថុ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក ម៉ាង ស៊ីណេត បានរំលេចចេញនូវការលើកទឹកចិត្ត និងជំរុញដល់ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបម្រើរកិច្ចការងារដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។

លោកបានបន្តទៀត សូមឲ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវចេះណែរនាំ ឬបំផុសចលនាផ្សេងៗដែលពាក់ព័ន្ធមុខរបររកស៊ី កសិកម្មដាំដុះ ឧស្សាហកម្ម អាជីវកម្មនានាឲ្យដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដែលជាផលប្រយោជន៍ទាញមកនូវចំណូលជួយដល់គ្រួសារ សហគមន៍ និងប្រទេសជាតិ។ ជារួមប្រសើរជាងយកថវិកាទៅចំណាយទិញរបស់ពីខាងក្រៅ ទាំងដែលយើងមានពេលវាលា ឱកាសទីកន្លែងបង្កើតផលដំណាំដំដុះ និងមុខរបរផ្សេងៗ។

ជាចុងក្រោយអភិបាលរង បានផ្ដាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់ យកទៅអនុវត្តនៅតាមឃុំ-សង្កាត់នីមួយៗឱ្យទទួលបានជោគជ័យ៕