(ភ្នំពេញ)៖ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ កាន់តែខិតជិតមកដល់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភំពេញ ថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រមាណ ២០០ នាក់ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានចូលរួមក្នុងកម្មវិធីសំណេះសំណាល ក្រោមអធិបតីភាព លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានគណៈឃោសនាអប់រំ និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

តាមរយៈមតិស្វាគមន៍ និងរបាយការណ៍របស់ លោក ពៅ ប៉ូលីណែល សមាជិកគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកផែនការយុទ្ធសាស្រ្ត បានលើកឡើងថា កម្មវិធីសំណេះសំណាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង រួមមាន៖

* ពង្រឹងការងារកសាងបក្សក្នុងជួរយុវជន នៃផ្នែកផែនការយុទ្ធសាស្រ្ត ដែលជាផ្នែកមួយដ៏សំខាន់ នៃយុវជនគណបក្សថ្នាក់កណ្តាល តាមរយៈការថ្លែងអំណរគុណ និងលើកទឹកចិត្ត ស្វែងយល់អំពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់យុវជនគណបក្ស ស្តាប់របាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារ ព្រមទាំងតម្រង់ទិសដៅការងារគន្លឹះសម្រាប់ត្រៀមយកប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ក្នុងឆ្នាំ២០២៣ ខាងមុខ។

* ធានាបាននូវឯកភាពផ្ទៃក្នុងគណបក្សខ្ពស់ តាមរយៈការពង្រឹងនូវចំណងទំនាក់ទំនងដ៏រឹង មាំរវាងថ្នាក់ដឹកនាំថ្នាក់កណ្តាល និងមន្រ្តីយុវជនគណបក្សនៅមូលដ្ឋាន។

ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់សមាជិកសមាជិកា នៃអង្គពិធី ព្រមទាំងបានលើកឡើងពីតួនាទីដែលមិនកាត់ផ្តាច់បានរបស់គណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍប្រទេសកម្ពុជាចាប់តាំងពីថ្ងៃបង្កើត ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ រហូលដល់ពេលបច្ចុប្បន្ន។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាននាពេលកន្លងមករបស់ផ្នែកផែនការយុទ្ធសាស្រ្ត លោកបានសង្កត់ធ្ងន់នូវភារកិច្ចចំពោះមុខដែលផ្នែកផែនការយុទ្ធសាស្រ្តចាំបាច់ត្រូវអនុវត្តបន្ត ដើម្បីធានាបានប្រៀបឈ្នះសម្រាប់គណបក្សក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ រួមមាន ការរៀបចំការសិក្សាស្រាវជ្រាវស្ទាបស្ទង់មតិអំពីសតិអារម្មណ៍ និងតម្រូវការរបស់យុវជន ការរៀបចំយុទ្ធសាស្រ្តសម្រាប់យុវជនគណបក្សថ្នាក់កណ្តាលឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ និងការរៀបចំគោលនយោបាយអភិវឌ្ឍបន្ត ២០២៣-២០២៨ សម្រាប់យុវជនគណបក្សថ្នាក់កណ្តាល៕