(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកើតឡើងនៅចំពោះមុខ ជាពិសេសក្ដីទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងការធ្វើដំណើរ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្ដែងនៅតាមបណ្តាផ្លូវ និងលំនៅដ្ឋានពលរដ្ឋរងគ្រោះ ដោយទឹកភ្លៀង ដែលពិបាកក្នុងការធ្វើដំណើរ ស្ថិតនៅក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

នៅក្នុងការចុះពិនិត្យនេះដែរលោក ចេង មុនីរ៉ា ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានរកវិធីយ៉ាងណា សម្របសម្រួលជាមួយម្ចាស់ដីដែលនៅព័ទ្ធជុំវិញទីតាំងផ្ទះពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយសារទឹកលិចផ្ទះត្រាំត្រែង ត្រូវជីកប្រឡាយបង្ហូរទឹកចេញឲ្យបាន ដោយពន្យល់ប្រាប់ទៅខាងម្ចាស់ដីថា អាជ្ញាធរ មិនមានចេតនាជីកប្រឡាយរួចហើយ យកធ្វើជាប្រឡាយសាធារណៈនោះទេ។ ត្រូវធ្វើលិខិតបញ្ជាក់ជូនដោយមិនប៉ះពាល់ដីមួយចំអាមណាឡើយ ហើយត្រូវជំរុញឱ្យម្ចាស់ដី នៅជុំវិញផ្ទះរងគ្រោះ ដោយទឹកភ្លៀង ចូលរួមជាមួយអាជ្ញាធរដើម្បីរួមចំណែកដោះស្រាយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ទឹកភ្លៀងលិចផ្ទះ។

ជាមួយគ្នានោះដែរដោយពិនិត្យឃើញថាផ្លូវលំពិបាកក្នុងការធ្វើដំណើរ លោកអភិបាលខណ្ឌ បានចាត់ចែងឱ្យក្រុមការងារ ដឹកក្រួសខ្សាច់យកមកចាក់បំពេញលើផ្លូវជា បន្ទាន់ ដោយចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីកុំឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ និងត្រូវបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវលំនេះ។

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌ ក៏បានបង្ហាញបំណងចង់ពង្រីកផ្លូវលំ ក្នុងភូមិព្រែកធំ២ ឱ្យបានធំទូលាយ និងស្នើឱ្យម្ចាស់ដីដែលនៅអមសង្ខាងផ្លូវចូលរួមជាមួយ អាជ្ញាធរផងដែរ៕