(ស្វាយរៀង)៖ គម្រោងដាក់ដេញថ្លៃ សាងសង់ផ្លូវបេតុងអាមេ និងសាងសង់លូមូលរំដោះទឹក ក្នុងសង្កាត់ទាំង៧ នៃក្រុងស្វាយរៀង ឃើញមានក្រុមហ៊ុនជាច្រើនមកពីក្រៅខេត្ត និងក្នុងខេត្ត បានចូលដាក់ដេញថ្លៃ ហើយការចូលដាក់ដេញថ្លៃនោះ គឺមានចម្រូងចម្រាស់ ដែលអ្នកដាក់ដេញថ្លៃគេហៅថា «បែកគម្រោង» ដេញបញ្ចុះតម្លៃទាប រហូតក្រោម៥០% ទៅ៦០%។

ជុំវិញនឹងគម្រោងនេះ អ្នកជំនាញបច្ចេកទេស លើកឡើងថា គ្មានទំនុកចិត្ត លើគុណភាព សូមឲ្យម្ចាស់គម្រោង គ្រប់សង្កាត់ ចុះត្រួតពិនិត្យគុណភាពសំណង់ឲ្យបានម៉ត់ចត់ នៅពេលក្រុមហ៊ុនទទួលការ ចាប់ដំណើរការសាងសង់ ដើម្បីធានាការសាងសង់មានគុណភាព ត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស និងកិច្ចសន្យានៃគម្រោង។

ការដាក់ដេញថ្លៃនេះ ធ្វើឡើងនៅវេលាម៉ោង ០៨៖១០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្នុងសង្កាត់ទាំង៧ នៃក្រុងស្វាយរៀង ខេត្ដស្វាយរៀង។

*ទី១៖ សង្កាត់ស្វាយរៀង ដាក់ដេញថ្លៃកិច្ចសន្យា គម្រោងសាងសង់លូមូលរំដោះទឹកប្រវែង១,០០០ម៉ែត្រ មុខកាត់០.៦០ម៉ែត្រ និងស្លាកគម្រោង១ តម្លៃប៉ាន់ស្មាន ២៣៣,៩២៤,០០០រៀល មានក្រុមហ៊ុនដាក់ដេញថ្លៃ ចំនួន៥ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុន សូ សាវឿន អ្នកចូលដេញថ្លៃឈ្មោះ សូ ចាន់ដា ដាក់តម្លៃ១២០,០០០,០០០រៀល តម្លៃទាបអាចទទួលយកបាន។

*ទី២៖ សង្កាត់ព្រៃឆ្លាក់ គម្រោងកែលម្អ ផ្លូវក្រាលបេតុងអាមេ ប្រវែង៤៥០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងធ្វើស្លាកគម្រោង១។ តម្លៃប៉ាន់ស្មាន២២៧,៦៨៧,៥០០រៀល មានក្រុមហ៊ុនចូលដាក់ ដេញថ្លៃចំនួន០៦ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុន សូ សាវឿន អ្នកដេញថ្លៃ ឈ្មោះ សូ សាវឿន ដាក់១៥៣,០០០,០០០រៀលតម្លៃ ទាបអាចទទួលយកបាន។

*ទី៣៖ សង្កាត់ចេក គម្រោង សាងសង់លូមូលរំដោះទឹក ប្រវែង១.២៥០ម៉ែត្រ មុខកាត់០.៦០ម៉ែត្រ ស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន ២៩១,៧៤៧,៥០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃ ចំនួន០៦ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុន កែវ សុភក្ត័ អ្នកដេញថ្លៃឈ្មោះ កែវ សុភក្ត័ ដាក់១៣៣,០០០,០០០រៀល តម្លៃទាបអាចទទួលយកបាន។

*ទី៤៖ សង្កាត់ស្វាយតឿ កិច្ចសន្យាគម្រោង ជួសជុលលូមូល ប្រវែង៨២០ម៉ែត្រ មុខកាត់០.៦០ម៉ែត្រ តម្លៃប៉ាន់ស្មាន១៩១,៧១៨,៥០០រៀល មានក្រុមហ៊ុនចូលដាក់ដេញថ្លៃចំនួន៧ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុន កែវ សុភ័ក្ត អ្នកដេញថ្លៃឈ្មោះ កែវ កាឡាវី ដាក់ ៨៧,៧៤០,០០០រៀល តម្លៃទាបអាចទទួលយកបាន។

*ទី៥៖ សង្កាត់ពោធិតាហោ កិច្ចសន្យាគម្រោងសាងសង់ផ្លូវដី ក្រាលបេតុងអាមេ ប្រវែង២៤២ម៉ែត្រ ទទឹង០៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ១០៦,០៣៩,៨០០រៀល មានក្រុមហ៊ុនចូលដាក់ ដេញថ្លៃ០៨ក្រុមហ៊ុន លទ្ធផលបានទៅលើក្រុមហ៊ុនសុគុន្ធសម្បត្តិ ៥៥៥ ឯអ្នកចូលដេញថ្លៃ ឈ្មោះ ចៅ ស្រី ពេជ ដាក់តម្លៃ ៦១,៩៥២,០០០រៀល ដាក់តម្លៃទាបអាចទទួលយកបាន។

ចំណែកការដេញថ្លៃ នៅសង្កាត់សង្ឃ័រ និងសង្កាត់គយត្របែក ក៏មានការដេញថ្លៃដាក់ទាបក្រោម៥០%ដែរ។

បើតាមអ្នកចូលដេញថ្លៃម្នាក់ បានបង្ហើបថា ការដេញថ្លៃហាក់មិនមានភាពច្បាស់លាស់ កើតឡើងដោយសារមានក្រុមហ៊ុនតាមទាមទារថ្លៃច្រើនពេក (លុយទឹកតែ) ជាពិសេសក្រុមហ៊ុនមកពីក្រៅខេត្តគឺទារថ្លៃច្រើន ក្នុងមួយសង្កាត់មានក្រុមហ៊ុនមកចុះឈ្មោះ ចូលដាក់ដេញថ្លៃ ចាប់ពី២៥ក្រុមហ៊ុន ទៅ៣០ក្រុមហ៊ុន ក៏ប៉ុន្តែអ្នកដែលចង់បានគម្រោងពិតប្រាកដ មានតែ៦-៧ក្រុមហ៊ុនប៉ុណ្ណោះ ២០ក្រុមហ៊ុនផ្សេងទៀត គ្រាន់តែមកចុះឈ្មោះ ឬមកតាមទារថ្លៃទឹកតែប៉ុណ្ណេះ៕