(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីពិនិត្យពិភាក្សាលើករណី ចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទម្រង់ជាដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ឌី.អេស អិម ដាប់បែលយូ ឯ.ក។

ពិធីនេះក៏មានការចូលរួមពីអភិបាលរងខេត្ត តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលស្រុកសៀមប៉ាង ស្រុកសេសាន និងស្រុកបុរីអូរស្វាយសែនជ័យ ប្រធានមន្ទីរ អង្គភាពជំនាញ មេឃុំ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

យោងតាមរបាយការណ៍របស់ លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ការចុះញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទម្រង់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក ក៏មាននូវបញ្ហាប្រឈមជាច្រើនដោយមានប្រជាពលរដ្ឋចូលកាប់ទន្រ្ទានអនាធិបតេយ្យខុសច្បាប់ច្រើនទីតាំង ហើយមានការរៀបចំជាក្រុម។

លោកប្រធានមន្ទីរ ក៏បានស្នើឱ្យក្រុមហ៊ុនកាយក្រវ៉ាត់ព្រំដីជុំវិញ និងបោះបង្គោល រឹងមាំបន្ថែម និងចុះល្បាតព្រំដីជាប្រចាំការពារការចូលកាប់ទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋ។ លោក ស្វាយ សំអ៊ាង បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំរបស់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក៏ដូចមន្ទីររៀបចំដែនដី ដែលបានខិតខំពន្លឿលើកិច្ចការចុះបញ្ជីដីរដ្ឋជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទម្រង់ដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនរវាង ក្រុមហ៊ុន និង ប្រជាពលរដ្ឋ ដែលបានប៉ះពាល់។

ក្នុងនោះលោក ស្វាយ សំអ៊ាង បានឯកភាពលើការសំណូមពរ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងនសុរិយោដីខេត្តដល់ក្រុមហ៊ុន ធី.អេស.អិម ដាប់បែលយូ ឯ.ក ដើម្បីបញ្ជៀសបញ្ហាក្រុមហ៊ុន និងប្រជាពលរដ្ឋ ដែលចូលមកកាប់ទន្ទ្រានដីរបស់ក្រុមហ៊ុន៕