(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រីអង្គភាពមន្ទីរព័ត៌មាន ចុះសួរសុខទុក្ខ ចែកម្ហូបអាហារ និងថវិកាមួយចំនួន ដល់ស្ត្រីដែលបានជាប់ឃុំក្នុងពន្ធនាគារខេត្ត ដែលបានយកកូនតូចទៅរស់នៅជាមួយ។

ស្រ្តីដែលកំពុងជាប់ឃុំនៅពន្ធនាគារនោះរួមមាន ឈ្មោះ ភឿន មុំ កូនមានអាយុ៥ខែ និងឈ្មោះ ភិន មុំ កូនមានអាយុ១២ខែ ដែលស្ត្រីទាំង២មានបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀន (ជាប់ទាំងប្តីប្រពន្ធដូចគ្នា) និងស្ត្រី២នាក់ទៀតដែលកំពុងមានផ្ទៃពោះ ក្នុងនោះមានឈ្មោះ ជឿង ថេត ជិតដល់ថ្ងៃសម្រាល និងឈ្មោះ ហូយ ស្រីលី មានទម្ងន់៦ខែហើយ។ លោកអភិបាលរងខេត្ត បានឱ្យដឹងថា «ស្រ្តី ឈ្មោះ ភិន មុំ មន្ត្រីយើងបានប្រាប់ឲ្យគាត់ យកកូនទៅឲ្យបងប្អូនជួយថែទាំ នៅឯស្រុកដែរ តែគាត់មិនព្រម ដោយសារកូននៅតូចពេក គាត់ខ្លាចវាយំរកម្តាយ ហើយឲ្យគាត់យកទៅផ្ញើនៅមណ្ឌលក្មេង ក៏គាត់មិនព្រម ដោយខ្លាចគេធ្វើបាបកូន, ដោយអាណិតក្មេងពេក ខ្ញុំបានសុំគាត់ យកកូននោះ មកជួយចញ្ចឹមនៅផ្ទះ ហើយចាំពេលណាគាត់ចេញពីពន្ធនាគារវិញ ចាំខ្ញុំយកមកឱ្យគាត់វិញ តែគាត់នៅមិនព្រមដដែល ដោយហេតុថា គាត់ទើបមានកូនប្រុសតែមួយនេះទេ តែខ្ញុំក៏បានផ្តាំឲ្យមន្ត្រីអគារនុរក្ស ជួយយកចិត្តទុកដាក់ ដល់ក្មេងនោះផង ដោយគិតពីបញ្ហាសុខភាព អនាម័យ ការរស់នៅ ការហូបចុក ជាដើម»

លោកបានបន្ថែមថា ចំណែកស្ត្រី២នាក់ទៀត ខាងលើដែលមានឈ្មោះ ជឿង ថេត មានបទល្មើស ដោយសារខ្ចីម៉ូតូគេទៅពិនិត្យផ្ទៃពោះ ពេលមកវិញ ប្តីខ្ចីបន្ត ក៏យកទៅបាត់ជាមួយស្រីថ្មី។ ករណីនេះដើមឡើយថា ម្ចាស់ម៉ូតូគេប្តឹង តែគេអាណិត ហើយថា បានដកពាក្យបណ្តឹងវិញហើយ តែនៅជាប់បណ្តឹងអាជ្ញាទៀត ហើយលោកសង្ឃឹមថា លោកព្រះរាជអាជ្ញា នឹងអាណិតអាសូរ ដល់គាត់ផង ព្រោះគ្រប់ខែហើយ ជួយយកតែបុណ្យទៅ ព្រោះនាងមានកូនដល់ទៅបីនាក់ទៀត និងមានផ្ទៃគ្រប់ខែ។

រីឯឪពុកម្តាយ ក៏មិនដែលមកសួរនាំទេ ព្រោះតែមានជីវភាពខ្វះខាត និងចាស់ជរាទៀត។ ចំណែកស្រ្តីម្នាក់ទៀតឈ្មោះ ហូយ ស្រីលី នោះដែរបានរៀបរាប់ថា មានបទល្មើសដោយសារលេងតុងទីន ហើយលែងលះគ្នាជាមួយប្តី ដោយកើតរឿងបែបនេះ មេតុងទីន ខ្លាចអត់លុយសង ក៏ប្តឹងទាមទារលុយទាំងអស់វិញ តែសុំសងតាមខែដូចទម្លាប់ធម្មតា តែមេតុងទីនមិនព្រម ហើយបានប្តឹងឲ្យសមត្ថកិច្ចចាប់ដាក់គុកដែរទៅ។

លោកបញ្ជាក់ថា ករណីនេះបើតាមស្តាប់គាត់ គឺមិនត្រូវជាប់គុកទេ តែក្រែងមានអ្វីផ្សេងទៀត មានតែចៅក្រមទេ ដែលដឹង ហើយបើពិចារណាទៅ ឥឡូវគាត់មានផ្ទៃពោះ៦ខែហើយ។ ដោយឃើញបញ្ហាបែបនេះ លោកអភិបាលរង បានសំណូមពរទៅលោកចៅក្រម ដែលកាន់សំណុំរឿង និងពិនិត្យករណីនេះ ឲ្យបានលឿន និងផ្តល់ភាពយុត្តិធម៌ ដល់ពួកគាត់ និងស្នើឱ្យមន្ត្រីអាគារនុរក្សទាំងអស់ មេត្តាជួយបន្តយកចិត្តទុកដាក់ជួយមើលថែរក្សា ដល់ជនដែលជាប់ឃុំទាំងនោះ កុំឲ្យមានការរើសអើង និងគិតទៅលើសោភ័ណ្ឌភាព សុខភាព អនាម័យ បរិស្ថាន ការបណ្តុះបណ្តាលជំនាញ និងការទទួលខុសត្រូវបានល្អ ឱ្យបានគ្រប់ផ្នែកលើជនជាប់ឃុំឃាំង មន្ត្រីអនុរក្សទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ ដោយពិនិត្យលើការកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការងារគ្រប់គ្រងពន្ធនាគារ ត្រូវផ្អែកលើច្បាប់មូលដ្ឋាន លើក្រម បទបញ្ជាផ្ទៃក្នុង និងទៅតាមនីតិវិធី ត្រូវធ្វើការងារជាមនុស្សធម៌ ឲ្យបានល្អត្រឹមត្រូវ តាមច្បាប់ ត្រូវរៀបចំដាក់អ្នកជាប់ឃុំ ដាក់ឲ្យដាច់ពីគ្នាទៅតាមប្រភេទបទល្មើស ត្រូវរៀបចំផ្នែកខាងសុខាភិបាល ឲ្យបានច្បាស់លាស់៕