(ភ្នំពេញ)៖ ដើម្បីអបអរខួបទី៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា ក៏ដូចជាចូលរួមប្រារព្ធខួបទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦​នេះ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យក្រុមការងារដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ចុះសំណេះសំណាលសួរសុខទុក្ខ នាំយកថវិកាចំនួន ៥លានរៀល គ្រឿងឧបភោគ-បរិភោគជាច្រើន និង​បានរៀបចំអាហារសាមគ្គីជូនដល់កុមារា កុមារី សិស្ស-និស្សិត បុគ្គលិកចំនួន១៤៥នាក់ ក្នុងសមាគមរស្មីកុមារកំព្រា ដែលមានទីតាំងស្ថិតនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសសំណេះសំណាលនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្មួយៗកុមារ សិស្ស-និស្សិត បុគ្គលិក និងលោកគ្រូ-អ្នកគ្រូ ដែលកំពុងស្នាក់នៅ និងទទួលការអប់រំ រៀនសូត្រ នៅក្នុងសមាគមនេះ ព្រមទាំង​បានផ្តាំ​ផ្ញើរដល់ក្មួយកុមារទាំងអស់ ត្រូវចេះរក្សាអនាម័យដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាតជានិច្ច ហើយត្រូវចេះជួយគ្នាទៅវិញទៅមក ចេះស្រឡាញ់គ្នាដូចបងប្អូន ដូចពាក្យចាស់ពោលថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ»

បន្ទាប់មក លោកស្រី អគ្គលេខារងទី១ ក៏បានថ្លែងអំណរគុណចំពោះ លោក ប៉ាត ណូន បានបង្កើតសមាគមនេះឡើង ដែលជាចំណែកមួយ ​ចូលរួមជាមួយ​រាជរដ្ឋាភិបាលក​ម្ពុជា ក៏​ដូចជាកាកបាទ​ក្រហមកម្ពុជា ក្នុងការគាំទ្រ និងគាំពារដល់សុខុមាលភាពរបស់កុមារកំព្រា កុមារ-សិស្ស-និស្សិតក្រីក្រ ឲ្យមានជម្រករស់នៅសមរម្យ ទទួល​បាន​ការអប់រំ រៀនសូត្រ ដូចកុមារ សិស្ស-និស្សិតឯទៀតដែរ និងបានចូលរួមទប់ស្កាត់នូវការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា កាកបាទក្រហមកម្ពុជា តែងតែរៀបចំអាហារសាមគ្គីដល់កុមារកំព្រា សិស្ស-និស្សិតក្រីក្រ ជារៀងរាល់ឆ្នាំ ដល់អង្គការ និងសមាគមមួយចំនួន ជាក់ស្តែង ដូចជាក្នុងថ្ងៃនេះ បានរៀបចំអាហារសាមគ្គីមួយពេលជូនដល់កុមារ សិស្ស-និស្សិត និងបុគ្គលិក នៃសមាគមរស្មីកុមារកម្ពុជា ព្រមទាំងបានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ ២តោន មីយើង ៤០កេស ត្រីខ ៦០០កំប៉ុង ម្សៅសាប៊ូ ៥កេស ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស ទឹកត្រី ២៤ដប ទឹកស៊ីអ៊ីវ ២៥ដប ប្រេងឆា ២៤ដប និងថវិកា ៥លានរៀល។

ដោយឡែកចំពោះ លោកគ្រូ-អ្នកគ្រូ បុគ្គលិក ១៩នាក់ ក្នុងម្នាក់ៗទទួលបាន៖ មុង១ ភួយ១ ក្រមា១ សារុង១ និងថវិកា៥ ម៉ឺនរៀល។ រីឯ កុមារ សិស្ស-និស្សិត ១២៦នាក់ ក្នុងម្នាក់ៗទទួលបានៈ សៀវភៅ ២ក្បាល ប៊ិច ១ដើម ម្សៅក្រអូប ១កំប៉ុង សាប៊ូ ១ដុំ និងថវិកា ២ ម៉ឺនរៀលផងដែរ។

ទ​ន្ទឹមនឹងនោះ លោកប្រធានសមាគម បុគ្គលិក លោកគ្រូ អ្នកគ្រូ ពិសេសកុមារទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងបានឧបត្ថម្ភជាច្រើនលើកច្រើនសារដល់សមាគម ជាមួយគ្នានោះក៏សូមជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួបប្រទះ​តែ​នឹង​សុខភាពល្អ អាយុយ៉ឺនយូរ ដើម្បីបន្តជួយសម្រាលទុក្ខលំបាកដល់សមាគមតទៅទៀត៕⁠⁠⁠⁠