(កំពង់ស្ពឺ)៖ មន្រ្តីរដ្ឋបាលព្រៃឈើតូចតាច ខេត្តកំពង់ស្ពឺ បានលួចទម្លាយថា រថយន្តធន់ធំចំនួន២គ្រឿង ដែលដឹកធ្យូងមិនមានច្បាប់ អនុញ្ញាតជិត៣០តោន ដែលកម្លាំងជំនាញសហការគ្នា ចុះចាប់ឃាត់កាលពីពេលថ្មីៗនេះ ស្រាប់តែមានគេចង់អន្តរាគមន៍ ដោះលែង មិនបង់ពន្ធជូនរដ្ឋជាង១ម៉ឺនដុល្លារ។

មន្រ្តីរដ្ឋបាលព្រៃឈើរូបនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលសហការ ជាមួយកម្លាំងផ្នែករដ្ឋបាលឈើកំពង់ស្ពឺ កម្លាំងរដ្ឋបាលព្រៃឈើកណ្តាល និងកម្លាំងនគរបាលចុះបង្ក្រាបការដឹកជញ្ជូនធ្យូង២រថយន្តធំៗ ស្ថិតនៅតាមផ្លូវជាតិលេខ១៥១ ភូមិដំណាក់ព្រីង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ដោយសារតែរថយន្តដឹកធ្យូងទាំង២គ្រឿងនេះ មិនបានការអនុញ្ញាតត្រឹមត្រូវ និងគ្មានសំបុត្រស្នាមអ្វីនោះឡើយ។

ក្រោយការចុះឃាត់រួច រថយន្តទាំង២គ្រឿង ត្រូវបាននាំយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ស្ពឺ ដើម្បីរង់ចាំការ ដោះស្រាយតាមច្បាប់ ដោយត្រូវបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។ ប្រភពព័ត៌មានពីមន្រ្តីរូបនេះ បានបន្តទៀតថា ក្រោយមានករណីនេះ កើតឡើងស្រាប់តែម្ចាស់រថយន្ត និងធ្យូង បានមកអន្តរាគមន៍ខ្វាត់ខ្វែង ដើម្បីសុំយករថយន្តនេះទៅវិញ ដោយជៀសមិនបង់ពន្ធ ជូនរដ្ឋជាង១ម៉ឺនដុល្លារ។ យ៉ាងណាក៏ដោយ សម្រាប់ព័ត៌មាននេះ គ្រាន់តែជាការលួចបង្ហើប និងទម្លាយពីមន្រ្តីរដ្ឋបាលព្រៃឈើ ថ្នាក់ក្រោមប៉ុណ្ណោះទេ តែយ៉ាងណានោះអង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយពីនាយខណ្ឌរដ្ឋបាលព្រៃឈើ បាននោះទេ៕