(ភ្នំពេញ)៖ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធ យុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី «ឱកាសការងារ ក្រោយពេលរៀន ចប់ ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ» ដែលបានរៀបចំឡើងនៅបន្ទប់៧០៤ អគារវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមាននិស្សិតចូលរួម ៣០០នាក់។

សិក្ខាសាលានេះដែរធ្វើឡើងដោយមានវាគ្មិនលោក ប៊ី កាលីម មន្ត្រីកិច្ចសន្យាផ្នែកអភិវឌ្ឍន៍ និងគ្រប់គ្រងកម្មវិធីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, កញ្ញា ឆាយ សុភារ័តន៍ បុគ្គលិកផ្នែកលក់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី, លោក កៅ ដាលី IT Application Acrchitect Lead, កញ្ញា ចេន សុជាតា អ្នកសារព័ត៌មាន និងក្រោមការ សម្របសម្រួលពីលោក មឿន ចន្ទ្រា ប្រធានដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត និងជាប្រធានផ្នែកការងារសហគមន៍ រកការងារធ្វើ និងនៃសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

លោក មឿន ចន្ទ្រា បានឱ្យដឹងដែថា សិក្ខាសាលាខាងលើនេះពិតជាមានសារសំខាន់ណាស់សម្រាប់និស្សិតឆ្នាំទី៤ ដែលត្រៀមប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ក្នុងការរៀបចំ ខ្លួនឱ្យបានសមស្របទៅនឹងលក្ខខណ្ឌនានា។ សិក្ខាសាលានេះដែរក៏បានជួយដល់និស្សិតឆ្នាំទី៣ និងសិស្សិតឆ្នាំផ្សេងៗទៀតឱ្យទទួលបានព័ត៌មាន និងរៀបចំខ្លួនឱ្យ បានគ្រប់គ្រាន់ ក្នុងករណីគាត់មានបំណងចង់រកការងារផ្សេងៗផងដែរ។

លោក មឿន ចន្ទ្រា បានបន្ថែមថា សកម្មភាពជួយនិស្សិតនេះទទួលបានការគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់លោកបណ្ឌិត ជេត ជាលី ដែលតែងតែផ្តល់ ឱកាសដល់និស្សិត និងផ្តល់ការយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើកិច្ចការនិស្សិតប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ និងបានផ្តល់នូវភាពកក់ក្តៅដល់និស្សិត តាមរយៈការជួយឱ្យនិស្សិតទទួលបានចំណេះដឹងជំនាញជាច្រើនបន្ថែមទៀតក្រៅពីការរៀនក្នុងថ្នាក់ ហើយជំនាញទន់គឺជាផ្នែកមួយយ៉ាងសំខាន់ និងជាតម្រូវការ រ បស់ទីផ្សារការងារផងដែរ។

លោក មឿន ចន្ទ្រា ក៏បានគោរពថ្លែងអំណរគុណចំពោះលោកបណ្ឌិត ជេត ជាលី និងលោក កៀន តាក់ សាកលវិទ្យាធិការរង និងជាប្រធានក្រុមការងារយុវជនស្ម័គ្រចិត្ត សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលតែងតែគិតគូពីសុខទុក្ខនិស្សិត និងផ្តល់ឱកាសស្នើៗ គ្នាដល់និស្សិតគ្រប់ៗ រូប ឱ្យបានចូលរួម សកម្មភាពវិធីផ្សេងៗផ្តល់ជាចំណេះដឹងជំនាញ ចំណេះដឹងទូទៅ និងជំនាញទន់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារនាពេលបច្ចុប្បន្ននិងអនាគត។

លោក មឿន ចន្រ្ទា បានអះអាងទៀតថា ក្រុមការងារ ស.ស.យ.ក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំសិក្ខាសាលាវគ្គបណ្តុះជាបន្តបន្ទាប់ ដើម្បីផ្តល់ជាធាតុចូល ជួយដល់ការរៀបចំផែនការអាជីព និងការរៀបចំខ្លួនរបស់និស្សិតក្នុងការចូលទៅក្នុងទីផ្សារការងារនាពេលខាងមុខទៀតផងដែរ។

លើកឡើងនាឱកាសនោះដែរ លោកបណ្ឌិត ជេត ជាលី បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះគឺពិតជាល្អណាស់សម្រាប់ផ្តល់ជាចំណេះដឹងដល់និស្សិត ដែលអាចឱ្យ ក្រុមនិស្សិតអាចទាញប្រយោជន៍បានច្រើនទាំងឱកាសការងារ និងបទពិសោធន៍ផ្សេងៗក្នុងការរកការងារ ហើយការចែករំលែកបទពិសោធន៍របស់ក្រុមនិស្សិតជារៀម ច្បងគឺពិតល្អសម្រាប់ក្រុមនិស្សិតប្អូន ព្រោះគាត់អាចយល់បានពីនិស្សិតដូចគ្នា និងអាចជួយគ្នាបាន។

លោកបណ្ឌិត ជេត ជាលី បានណែនាំដល់ក្រុមនិស្សិតទាំងអស់ កុំធ្វើខ្លួនឱ្យដូចអ្នកដ៏ទៃ គឺត្រូវធ្វើខ្លួនជាខ្លួនឯង នឹងត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំ មានភាពខ្លាំង សម្រាប់ខ្លួនឯង ដើម្បីឱ្យសក្តិសមក្នុងការធ្វើការសម្រាប់ស្ថាប័នណាមួយ ជាពិសេសនោះត្រូវស្វែងរកការងារណាដែលខ្លួនស្រលាញ់ពេញចិត្តដើម្បីធ្វើ ទើបអាចទទួល បានជោគជ័យលើការងារទាំងនោះ។

ជាមួយគ្នានោះដែរ ក្រុមនិស្សិតដែលបានចូលរួមក្នុងសិក្ខាសាលានេះក៏បានលើកឡើងដែរថា ពួកគេទទួលបានចំណេះដឹងជាច្រើនក្នុងសិក្ខាសាលានេះ ដោយវាគ្មិនបាន ចែករំលែកចំណេះដឹងជាច្រើន ក្នុងការរៀបចំខ្លួន ឱ្យបានគ្រប់គ្រាន់ និងបានស្នើឱ្យសាកលវិទ្យាល័យបន្តរៀបចំ សិក្ខាសាលាបែបនេះបន្តទៀត ជាពិសេសសិក្ខាសាលា ដែលជួយនិស្សិតនេះ។

បន្ថែមពីនេះក្រុមនិស្សិត ក៏បានអរគុណដល់លោកបណ្ឌិតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ និងរៀបចំសកម្មភាពជាច្រើន ដែលបានផ្តល់ទាំងឱកាស និងចំណេះដឹងដល់និស្សិត ដែលធ្វើឱ្យនិស្សិតកាន់តែទទួលបានភាពកក់ក្តៅ ហើយសាកលវិទ្យាល័យភូមិន្ទភ្នំពេញគឺជាផ្ទះទី២ របស់ក្រុម និស្សិតទាំងអស់គ្នាផងដែរ៕