(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះសព្វព្រះរាជហឫទ័យយាងទៅកាន់ក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព។

ក្នុងព្រះរាជសារជូនប្រជារាស្ត្រខ្មែរកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះរាជបន្ទូលថា ព្រះនឹងព្រះអវត្តមានពីកម្ពុជា ចាប់ពីថ្ងៃទី២១ ខែសីហ ា តទៅ។ ក្នុងកំលុងនៃព្រះអវត្តមាននេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញភារកិច្ចថ្វាយព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទី។

សូមបញ្ជាក់ថា ក្រោមចំណងទំនាក់ទំនងដ៏ស្អិតល្មួតពោរពេញដោយភាពរឹងមាំមិនអាចពុះបំបែកបាន រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី។ ការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យចិន គឺបានចាប់ផ្តើមឡើងតាំងពីអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។

ការយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ ក្រុមវេជ្ជបណ្ឌិតចិន តែងយាងព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទៅពិនិត្យព្រះរាជសុខភាពមួយឆ្នាំពីរដង។ មួយដងធ្វើឡើងនៅដើមឆ្នាំ ហើយមួយដងទៀត ធ្វើឡើងចុងឆ្នាំ។

នៅឆ្នាំ២០២២នេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតាជាតិខ្មែរ បានយាងទៅពិនិត្យព្រះរាជសុខភាពរួចម្តងមកហើយកាលពីថ្ងៃទី៤ ខែមីនា។ ក្នុងព្រះរាជដំណើរយាងទៅពិនិត្យព្រះរាជសុខភាពកាលលើកទីមួយនោះ ព្រះអង្គទាំងទ្វេ បានគង់ប្រថាប់នៅក្រុងប៉េកាំងរយៈពេលជាងមួយខែ។

សម្រាប់ការយាងចេញទៅពិនិត្យព្រះរាជសុខភាពលើកទី២ នេះ មិនទាន់មានការជូនព័ត៌មានថា តើព្រះអង្គទាំងទ្វេនឹងយាងត្រឡប់មកកម្ពុជាវិញនៅពេលណានោះទេ?