(ភ្នំពេញ)៖ ថ្នាក់សិក្សារបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News «FTC» វគ្គ៣ នៅសប្ដាហ៍នេះ បានឈានដល់មេរៀនចុងក្រោយហើយ។ មេរៀនចុងក្រោយសម្រាប់ថ្នាក់រៀនពីការសរសេរព័ត៌មាននេះគឺ បទវិចារណកថា និង បទអត្ថាធិប្បាយ។

បើទោះនេះជាមេរៀនបំពេញបន្ថែម សម្រាប់វគ្គសរសេរព័ត៌មានក្ដៅពិតមែន តែលោក ម៉ារ យ៉ារិទ្ធ បានបង្ហាញអំពីចំណុចសំខាន់ និងគ្រឹះនៃការសរសេរ បទវិចារណកថា និង បទអត្ថាធិប្បាយ ដល់សិក្ខាកាមជាច្រើនចំណុចផងដែរ។

នៅក្នុងនោះ ប្រធានមជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា៖ «អត្ថបទអត្ថាធិប្បាយ គឺជាអត្ថបទដែលផ្តោតលើគំនិតរបស់អ្នក ប៉ុន្តែមិនមែនផ្តោតលើអ្នកទេ។ និយមន័យនៃអត្ថបទអត្ថាធិប្បាយអាចត្រូវធ្វើឲ្យគេ យល់កាន់តែច្បាស់ពីភាពពាក់ព័ន្ធគ្នាផ្សេងៗក្នុងនោះ គឺអត្ថាធិប្បាយអំពីរឿងចេញមកពីបទពិសោធន៍ដែលធ្លាប់មាន ធ្លាប់ឆ្លងកាត់ និងការអត្ថាធិប្បាយសង្គមទាក់ទងនឹងការងារ សិល្បៈ ឬព្រឹត្តិការណ៍ទ្រង់ទ្រាយធំ»។

ខណៈដែល បទវិចារណកថា គឺជាអត្ថបទដែលបង្ហាញពីគំនិតរបស់កាសែតលើបញ្ហាមួយ លោកម៉ារ យ៉ារិទ្ធ បានបញ្ជាក់បន្ថែមថា វិចារណកថា គឺជាអត្ថបទដែលត្រូវ តែមានឯកភាពពីក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលនេះ គឺជាស្ថាប័នគ្រប់គ្រងរបស់កាសែតដែលបង្កើត ឡើងដោយនិពន្ធនាយក និងអ្នកគ្រប់គ្រងអាជីវកម្ម។

លោកថា អ្នកសរសេរវិចារណកថា ត្រូវលើកនូវទស្សនៈមួយដែលយើងគិតថាត្រឹមត្រូវ ការសរសេរ ត្រូវមានអំណះអំណាង។ ការសរសេរត្រូវព្យាយាមបញ្ចុះបញ្ចូលអ្នកអាន ឱ្យគិតតាមរបៀប ដែលយើងយល់ ដើម្បីឱ្យគេគិតយល់ដូចគ្នា។

«ការសរសេរវិចារណកថា គឺសំដៅចង់បង្កើនឥទ្ធិពលលើមតិ សាធារណៈ លើកតំកើងគំនិត រិះគន់ និង ជួនកាល ធ្វើឱ្យមនុស្សចាត់វិធានការលើបញ្ហាអ្វីមួយ។ សរុបមកវិញ បទវិចារណកថាគឺជារឿងរ៉ាវដែលសរសេរផ្អែកលើ ទស្សនៈរបស់ខ្លួន»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ។

ទាំងអស់នេះគ្រាន់តែជាផ្នែកមួយដែលដកស្រង់ពីចំណុចដែល លោក ម៉ារ យ៉ារិទ្ធ បានលើកមកពន្យល់ដល់សិក្ខាកាមប៉ុណ្ណោះ។ នៅមានចំណុចជាច្រើនទៀត ដែលលោក ម៉ារ យ៉ារិទ្ធ បានបង្ហាញទៅដល់សិក្ខាកាម។

នៅវគ្គក្រោយៗទៀត «FTC» នឹងបណ្ដុះបណ្ដាលអំពីការសរសេរព័ត៌មានស៊ីជម្រៅ បទយកការណ៍ បទពិព័ណ៌នា បទវិចារណកថា និងបទអត្ថាធិប្បាយបន្ថែមទៀត ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់សិក្ខាកាម ជាពិសេសសម្រាប់អ្នកដែលចង់ចាប់ជំនាញផ្នែកសារព័ត៌មាន។

សូមបញ្ជាក់ផងដែរថា «FTC» បានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ដល់យុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មាន។

«FTC» មានលោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំមកហើយ ក្នុងនោះលោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។

ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក៕