(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងមជ្ឈមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាង សហការជាមួយក្រសួងសុខាភិបាលកម្ពុជានិងមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំ «សិក្ខាសាលាលើកទី១ របស់មន្ទីរពេទ្យព្រះអង្គឌួងស្តីពីការថែទាំរបស់គិលានុបដ្ឋាក» នៅសណ្ឋាគា រ៉ាហ្វល ភ្នំពេញ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក នោ ហ្យន់ជូន (RHO Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជា និងលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង, លោកសាស្ត្រាចារ្យ យូ ប្យុងវុក (Yoo Byung Wook)ប្រធានគម្រោងនៃមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង អង្គភាពពាក់ព័ន្ធ រួមទាំងមន្ត្រីមកពីការិយាល័យកយកា តំណាងក្រសួងសុខាភិបាល មជ្ឈមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រស៊ុនជុនយ៉ាង និងអង្គការសុខភាពពិភពលោក (WHO) និងតំណាងមន្ទីរពេទ្យជាតិចំនួន៥រួមមានទី១៖ មន្ទីរពេទ្យព្រះអង្គឌួង, ទី២៖ មន្ទីរពេទ្យកុមារជាតិ, ៣៖ មន្ទីរពេទ្យព្រះកុសុមៈ, ៤៖ មន្ទីរពេទ្យកាល់ម៉ែត, និង៥៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានអ្នកចូលរួមសរុបជាង ២០០នាក់។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីរិះរករកមធ្យោបាយត្រួតពិនិត្យអំពីបែបបទរបស់គិលានុបដ្ឋាកនៃមន្ទីរពេទ្យជាតិទាំង៥ និងពង្រឹងសមត្ថភាពរបស់ពួកគេបន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង និងចែករំលែកចំណេះដឹងតាមរយៈការអញ្ជើញអ្នកឯកទេសគិលានុបដ្ឋាក មកពីមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ មកចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ពួកគេជាមួយអ្នកចូលរួមទំាងអស់។

លោក នោ ហ្យន់ជូន (RHO Hyunjun) បានថ្លែងថា គម្រោងអាទិភាពរបស់ កយកា-KOICA គឺវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា។

បន្ថែមពីលើនេះ លោកបន្តថា៖ «ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាព និងលទ្ធភាពក្នុងការទទួលសេវាថែទាំសុខភាពសាធារណៈ កយកា-KOICA បានសាងសង់នូវអគារចំនួន៣ នៅមន្ទីរពេទ្យជាតិចំនួនពីរ ១៖ អគារមិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យកុមារជាតិ និង២៖ អគារចក្ខុរោគ និង អគារជំងឺ ត្រចៀក ច្រមុះ បំពង់កនៅមន្ទីរពេទ្យព្រះអង្គឌួង។ រួមទាំងអាគារមន្ទីរពេទ្យខេត្តចំនួន៣ រួមមាន១៖ អគារសម្ភពរោគស្ត្រី និងកុមារនៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប, ២៖ មន្ទីរពេទ្យបង្អែកបាធាយ និង៣៖ មន្ទីរពេទ្យមិត្តភាពកូរ៉េ-កម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង និងការសាងសង់មណ្ឌលសុខភាពមាតាចំនួន៥ នៅខេត្តមណ្ឌលគិរី និងរតនគិរី»

ថ្លែងក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កយកា-KOICA និងរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រផ្នែកបច្ចេកទេស សម្ភារៈ និងហិរញ្ញវត្ថុសម្រាប់វិស័យសុខាភិបាលកម្ពុជា។

គួររំឭកថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA-កយកា) បានផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន៨លានដុល្លារ សម្រាប់ «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT) នៅមន្ទីរពេទ្យព្រះអង្គឌួង» ដែលបានអនុវត្តចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២២នេះ។ អគារត្រចៀក ច្រមុះ បំពង់ក ចំនួន មួយខ្នងដែលមានកំពស់៥ជាន់ បានសាងសង់រួចរាល់ហើយនៅក្នុងបរិវេណ មន្ទីពេទ្យព្រះអង្គឌួង ហើយអគារនះបានបំពាក់នូវសំភារៈទំនើបបំផុត ចាំបាច់នានា ដើម្បីពិនិត្យ ព្យាបាល និងវះកាត់ ធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីពេទ្យឲ្យល្អប្រសើរមួយកំរិតថែមទៀត។

ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ពន្ធរូបវន្ត សមត្តិភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្តិភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ៕