(ភ្នំពេញ)៖ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានទទួលជួបសំណេះសំណាលនិស្សិតជ័យលាភីចំនួន ២៤រូប មកពីក្រសួង/ស្ថាប័នចំនួន១២ ដែលប្រលងជាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ ហើយគ្រោងចេញដំណើរទៅជប៉ុន នៅថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២២។

សេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃនេះ បញ្ជាក់ថា លោកស្រី ទួត បញ្ញា បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ២៤រូប និងផ្តាំផ្ញើឱ្យខិតខំរៀនសូត្រ និងស្រូបយកចំណេះដឹងល្អៗ ដើម្បីជាប្រយោជន៍ និងចូលរួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិ ព្រមទាំងផ្តល់អនុសាសន៍មួយចំនួនទៀតដល់ក្រុមនិស្សិតផងដែរ។

ក្រុមនិស្សិតជ័យលាភីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី ទួត បញ្ញា ដែលបានអនុញ្ញាតឱ្យក្រុមនិស្សិតចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍ល្អ៕