(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករាថ្មី បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដោយសង្កត់ធ្ងន់ទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ និងបង្រ្កាបរាល់បនល្បែងសុីសងគ្រប់ប្រភេទ ជាអំពើខុសច្បាប់ក្នុងមូលដ្ឋាន។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ក៏មានការចូលរួមពីអភិបាលរងខណ្ឌ៧មករា អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណនាយករដ្ឋបាលខណ្ឌ ៧ មករា ប្រធានការិយាល័យទាំង១១ ចៅសង្កាត់ទាំង៨ សង្កាត់មក្នុងមូលដ្ឋានខណ្ឌ៧មករា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ លោកប្រធានគណៈកម្មការផ្សារអូឫស្សីផងដែរ។

កិច្ចប្រជុំថ្ងៃនេះដោយផ្ដោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖

*ទី១៖ ការងាររក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
*ទី២៖ បញ្ហាគ្រឿងញៀន និងក្មេងទំនើង
*ទី៣៖ ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះលោក ថេង សុថុល បានលើកឡើងដោយស្នើទៅដល់អស់លោក លោកស្រី ដែលមានវត្តមានចូលរួមប្រជុំនៅថ្ងៃនេះ ត្រូវស្ដាប់ឲ្យបានច្បាស់ នូវខ្លឹមសារនៃរបៀបវារៈកិច្ចប្រជុំ ដោយយកទៅអនុវត្តន៍មានប្រសិទ្ធភាពខ្ពស់ នៅតាមអង្គភាពនៃការិយាល័យនិមួយៗ និងតាមបណ្ដាប៉ុស្ដិ៍ប៉ូលិស អាជ្ញាធរតាមសង្កាត់និមួយៗ ព្រមទាំងអធិការដ្ឋានប៉ូលិសខណ្ឌ និងប៉េអឹមខណ្ឌផងដែរ។

លោកអភិបាលខណ្ឌ សង្ឃឹមនិងជឿជាក់ទៅលើសមត្ថភាពអស់លោក.លោកស្រីនៃគណៈបញ្ជការឯកភាពខណ្ឌ៧មករាទាំងអស់ ពោលគឺចាប់ពីថ្នាក់ខណ្ឌរហូតដល់ថ្នាក់សង្កាត់.ថ្នាក់ប៉ុស្ដិ៍ដោយប្រើកណ្ដាប់ដៃដែក ក្នុងការខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនដែលថ្នាក់លើដាក់អោយទទួលបានជោគជ័យផងដែរ។

ចាប់ពីពេលនេះឬថ្ងៃនេះត ទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា និងបងប្អូនអាជីវករតាមបណ្ដាផ្សារនិមួយៗក្នុងមូលដ្ឋានខណ្ឌ៧មករា ដោយរស់នៅប្រកបដោយភាពកក់ក្ដៅជានិច្ច ខណៈពេលថ្នាក់លើ ផ្ទេរភារកិច្ចលោក ថេង សុថុល ពីអភិបាលខណ្ឌចំការមន មកធ្វើជាអភិបាលខណ្ឌ៧មករានៅពេលនេះ ហើយលោកអភិបាលខណ្ឌ៧មករាថ្មីគឺ លោក ថេង សុថុល ពោរពេញទៅដោយបទពិសោធន៍ការងារខ្ពស់ ក្នុងការដឹកនាំការងារនៅថ្នាក់មូលដ្ឋានហើយ ក្នុងនោះសូមអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការណ៍ផងដែរ៕