(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានណែនាំដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធទាំងមូលក្នុងខេត្ត ទោះបីស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ កងកម្លាំងប្រដាប់អាវុធ ត្រូវហានធ្វើពលីកម្មចំពោះរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងមាតុភូមិឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់បានល្អ។

ការលើកឡើងបែបនេះ របស់លោកអភិបាលខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាមមន្ទីរ អង្គភាព នានាជុំវិញខេត្តជាច្រើនរូបទៀត។

លោក គីម រិទ្ធី បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តព្រះវិហារ លោកសូមសំដែងនូវក្តីរំភើបរីករាយយ៉ាងក្រៃលែង ដែលបានមកជួបសំណេះសំណេះសំណាល និងនាំអនុសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជូនចំពោះមន្ត្រីនគរបាលនៃខេត្តព្រះវិហាររបស់យើង»

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការជួបសំណេះសំណាលនៅពេលនេះ គឺជាអង្គភាពទី៣ ជាអង្គភាពចុងក្រោយ បន្ទាប់ពីលោកជួបសំណេះសំណាល ជាមួយអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្ត និងអង្គភាពកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីពេលថ្មីៗកន្លងទៅនេះ។

តាមរយៈរបាយការណ៍របស់ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ, លោក គីម រិទ្ធី បានថ្លែងកោតសរសើរចំពោះអង្គភាពស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងយ៉ាង សកម្មចំពោះតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ លើការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុខដុមរមនារបស់ប្រជាជនទូទាំងខេត្ត។

ជាមួយគ្នានេះ លោកក៏បានផ្តល់មតិណែនាំមួចំនួនសម្រាប់កងកម្លាំងនគរបាលទូទាំងខេត្ត អនុវត្តផែនការសកម្មភាពជំនាញនីមួយៗប្រចាំឆ្នាំ២០២២ ដែលមានតួនាទីភារកិច្ច៖

*ត្រូវអនុវត្តតាមវិន័យរបស់កម្លាំងនគរបាលលេខ០០៦ ប.ប.ជ របស់ក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធិភាព។
*ត្រូវបន្តចូលរួមយ៉ាងអង់អាចក្លាហាន ជាមួយគណៈបញ្ជាការឯកភាពខេត្ត ជាមួយសមត្ថកិច្ច ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ ឱ្យមានប្រសិទ្ធិភាពប្រកបដោយជោគជ័យ។ព្រមទាំងពង្រឹងឱ្យកាន់តែប្រសើរថែមទៀត តាមរយះការហ្វឹកហ្វឺនជំនាញដើម្បីលើកម្ពស់សមត្ថភាពនិងការថែបំប៉នកម្លាំង ទាំងស្មារតី សតិអារម្មណ៍ និងជីវភាព។

បន្ថែមជាងនេះលោក គីម រិទ្ធី ក៏បានណែនាំដល់កងកម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ៖

*ត្រូវប្តេជ្ញាអប់រំ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិ្ស កងកម្លាំងរបស់ខ្លួន មិនឱ្យចូលរួមធ្វើបាតុកម្មតាមការញុះញង់របស់ពួកអមិត្ត ក្នុងនិងក្រៅប្រទេសគ្រប់រូបភាព
*ត្រូវប្តេជ្ញាប្រើប្រាស់គ្រប់វិធានការទប់ស្កាត់និងអនុវត្តនុវផែនការផ្សេងៗ កើតឡើងជាយថាហេតុ
*ទោះបីស្ថិតនៅក្នុងស្ថានការណាក៏ដោយ កងកម្លាំងទាំងមូលត្រូវហ៊ានពលីកម្ម ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងមាតុភូមិឱ្យមានសន្តិសុខនិងសណ្តាប់ធ្នាប់បានល្អ។
*ប្តេជ្ញាអនុវត្តនិងគោរពបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងគោលកាេណ៍ លិខិតបទដ្ឋាននានាប្រកបដោយជោគជ័យ៕