(ហ្វីលីពីន)៖ អែនរីកគេ ម៉ាណាឡូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានផ្ញើសារជូន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដោយសម្តែងនូវការអបអរសាទរចំពោះ ខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ប្រមុខការទូតហ្វីលីពីន បានបញ្ជាក់ថា៖ «ខ្ញុំសូមជូនពរបរវរមហាប្រសើរជូនចំពោះឯកឧត្តម ក្នុងពេលដែលប្រទេសយើងទាំងពីរប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង»

លោកបានបន្តថា ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញនូវការរីកលូតលាស់នៃទំនាក់ទំនងរបស់យើង ដែលត្រូវបានពូនជ្រុំ តាមរយៈការប្រាស្រ័យទាក់ទង និងភាពជាដៃគូក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌នៅក្នុងចំណោមវិស័យផ្សេងៗទៀត។ ដូចគ្នានេះដែរ ការផ្លាស់ប្តូរដ៏យូរអង្វែងរវាងប្រជាជនរបស់យើងនឹងបន្តជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃទំនាក់ទំនងទ្វេភាគីរបស់យើង។

ស្របពេលដែលហ្វីលីពីន និងកម្ពុជា កំពុងងើបឡើងវិញពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ លោកជឿជាក់ថាយើងនឹងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូ សំដៅឈានទៅសម្រេចបាននូវសមិទ្ធិផលនៃបំណងប្រាថ្នារួមរបស់យើងគឺសន្តិភាព វឌ្ឍនភាព និងអនាគតប្រកបដោយចីរភាពសម្រាប់ប្រជាជនយើង។

លោករង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រមុខការទូតកម្ពុជា ក្នុងការធ្វើឱ្យប្រជាជាតិយើងកាន់តែសិទ្ធស្នាល តាមរយៈការងារជាប្រយោជន៍រួម និងភាពជោគជ័យរបស់កម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំនេះ៕