(ហ្វីលីពីន)៖ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពីន បានផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តែងនូវការអបអរសាទរដ៏កក់ក្តៅបំផុត ខួបលើកទី៦៥ នៃការបង្កើតការទូតប្រទេសទាំងពីរ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកប្រធានាធិបតី បានលើកឡើងថា៖ «តាងនាមរដ្ឋាភិបាលហ្វីលីពីន និងប្រជាជនហ្វីលីពីន ខ្ញុំសូមផ្ញើជូននូវអំណរសាទរយ៉ាងកក់ក្តៅចំពោះរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលយើងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើង»

លោកបានលើកឡើងថា ចំណងមិត្តភាពរវាងប្រជាជាតិយើងទាំងពីរមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំដោយទំនាក់ទំនងជាបងប្អូន រវាងប្រជាជន និងប្រជាជនដ៏យូរអង្វែង តាំងពីអតីតកាលជាងមួយសតវត្សនៅមុនការបង្កើតរដ្ឋទំនើបរបស់យើង។ បច្ចុប្បន្ន ទំនាក់ទំនងរបស់យើងដែលមានវិសាលភាពធំទូលំទូលាយ និងក្នុងវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការកំពុងបន្តរីកចម្រើន និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង។ ទំនាក់-ទំនងរបស់យើងត្រូវបានបន្តពង្រឹង និងបំពេញបន្ថែមដោយការសហការគ្នាលើវិស័យនានាដែលជាកង្វល់ និងផលប្រយោជន៍រួមនៅក្នុងអាស៊ាន និងនៅក្នុងវេទិកាតំបន់ និងពហុភាគីដទៃទៀត។

លោកបានបន្ថែមថា៖ «១ខណៈពេលដែលយើងចាប់ផ្តើមនូវតំណាក់កាលបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសយើង យើងគួរបន្តទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងធ្វើការជាមួយគ្នាឆ្ពោះទៅរកចក្ខុវិស័យរួមនៃសហគមន៍អាស៊ានប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព»

ប្រធានាធិបតីហ្វីលីពីន បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចតេជោ និងសូមបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ខ្ញុំសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាប្រកបដោយជោគជ័យ៕