(ហ្វីលីពីន)៖ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពីន បានផ្ញើសារលិខិតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តែងនូវការអបអរសាទរដ៏កក់ក្តៅបំផុត ខួបលើកទី៦៥ នៃការបង្កើតការទូតប្រទេសទាំងពីរ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកប្រធានាធិបតី ទើបជាប់ឆ្នោត បានលើកឡើងថា៖ «តាងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋហ្វីលីពីន ទូលបង្គំសូមថ្វាយអំណរសាទរយ៉ាងកក់ក្តៅបំផុត ខណៈដែលប្រទេសយើងទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង»

លោកបានលើកឡើងថា ថ្វីត្បិតតែទំនាក់ទំនងរវាងសាធារណរដ្ឋហ្វីលីពីន និងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៧ ប៉ុន្តែទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជនយើងមានតាំងពីយូរលង់មកហើយនៅមុនប្រជាជាតិសម័យទំនើបរបស់យើង ដែលត្រូវបានឆ្លុះបញ្ចាំងតាម
រយៈព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម យាងទៅប្រទេសហ្វីលីពីននៅឆ្នាំ១៨៧២ ។

លោកបានបន្តថា ទំនាក់ទំនងរបស់យើងបានរីកចម្រើនជាបន្តបន្ទាប់នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ តាមរយៈ ការប្រាស្រ័យទាក់ទងទ្វេភាគីជាប្រចាំក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ និងការអប់រំ ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក៏បន្តពង្រឹងមិត្តភាពដ៏រឹងមាំរបស់យើងបន្ថែមទៀតដែរ។

លោកប្រធានាធិបតី បានប្តេជ្ញាបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ្វីលីពីន ខណៈដែលប្រទេសរបស់យើងទាំងពីរកំពុងខិតខំឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែធំធេងថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់យើង។

លោកបានសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរបវរមហាប្រសើរថ្វាយព្រះករុណា សូមប្រកបដោយព្រះរាជសុខភាពល្អ និងសុភមង្គលផងដែរ៕

ខាងក្រោមនេះជាលិខិតរបស់ប្រធានាធិបតីហ្វីលីពីន ថ្វាយព្រះមហាក្សត្រ៖