ដោយ: ឆាយ សុផល
(ភ្នំពេញ)៖ ស្ថិតក្នុងវ័យ៤ឆ្នាំ កុមារី  នី បានស្លាប់ជាមួយម្តាយអាយុ២៦ឆ្នាំនៅនឹងកន្លែង ខណៈដែលឪពុករបស់​នាងបានរស់​រានមានជីវិត។     

អ្នកទាំងបីបានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤កាលពីថ្ងៃទី៤ ខែឧសភា នៅភូមិស្រះសង្គម ឃុំព្រែក ក្នុងខេត្តកំពង់ស្ពឺ ដោយម៉ូតូរបស់គេត្រូវបានរថយន្តដឹកទំនិញបុក ហើយក្បាល​ពួកគេបានបោកនឹងរថយន្ត និងដួលទៅលើផ្ទៃថ្នល់។ ទាំងកុមារី នី និងម្តាយមិនបានពាក់មួកសុវត្ថិភាពទេ លើកលែងតែឪពុក។តើមានកុមារតូចៗរបស់យើងប៉ុន្មាននាក់ ដែលបានស្លាប់​ដោយរបៀប​នេះ? តើនៅមានរយៈពេលប៉ុន្មានទៀត ដែលឪពុកម្តាយទទួលរងការឈឺចាប់នៃការបាត់បង់បុត្រធីតារបស់ខ្លួន? ហេតុអ្វីបានជាសង្គមត្រូវប្រឈម​នឹងភាពសោកសៅ ដោយសារតែការ​ធ្វេសប្រហែសបែប​នេះ? ជារៀងរាល់ថ្ងៃ កុមាររាប់ម៉ឺននាក់ ដោយរួមទាំងក្មេងជំទង់ផង បានចាកចេញពីផ្ទះទៅសាលារៀន ទៅផ្សារ ក្បែរៗផ្ទះ និងកន្លែងផ្សេងៗទៀត ដោយជិះទោចក្រយានយាន្ត [ម៉ូតូ] នៅតាមផ្លូវដែលពោរពេញដោយចរាចរណ៍មមាញឹក និងប្រកបដោយគ្រោះថ្នាក់។ យើងបានដឹងហើយថា

ពួកគេភាគច្រើនគឺជាអ្នកដំណើរតាមម៉ូតូ ប៉ុន្តែសួរថា តើយើងមានដឹងទេថា ពួកគេស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់បែបណា នៅពេលកំពុងជិះម៉ូតូនោះ? អ្នកប្រើប្រាស់ដងផ្លូវ ដែលជាអ្នកជិះម៉ូតូមិន​គួរណាត្រូវបានស្លាប់នៅលើដងផ្លូវឡើយ ហើយការស្លាប់នេះក៏មិនមែនជារឿងចៃដន្យ ហើយក៏មិនមែនដោយសារតែសំណាងអាក្រក់នោះដែរ ពោល គឺពួកគេពិតជាអាចត្រូវការពារបាន។ នេះគឺជា​ជម្រើសរបស់​យើងដែលត្រូវជួយពួកគេ។ តើជម្រើសនោះដោយរបៀបណាទៅ? នោះគឺជាការធានាឲ្យមានការពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ក្នុងនោះក៏មានកុមារផងដែរ។ ជំហានដំបូង គឺអ្នករួមដំណើរតាមម៉ូតូ ដោយរួមទាំងអ្នកបើកបរ ត្រូវតែតម្រូវឲ្យពាក់មួកសុវត្ថិភាព មិនដូច្នោះទេត្រូវ​ទទួលការពិន័យពីនគរបានចរាចរណ៍។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា​បានប្រកាន់យកនូវ​ជំហានដ៏មានសារសំខាន់ចំពោះមុខ នៅពេលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលបានចូលជាធរមានកាលពីខែមករាឆ្នាំ២០១៥កន្លងមក។ មានប្រសាសន៍នាពេលថ្មីៗនេះ ទៅកាន់​នគរបាល​និងមន្រ្តីរាជការជាង១០០នាក់ នៅឯពិធីប្រកាសបង្កើត​គណៈ​កម្មាធិការចរាចរណ៍ថ្នាក់ជាតិនៅឯក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​បានសន្យាថា នឹងដាក់ពិន័យដល់អ្នករំលោភ​បំពានចរាចរណ៍ ទោះបីពួកគេជាមន្រ្តីរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក៏ដោយ។ សម្តេចបានបញ្ជាក់ថា ពេលវេលានៃការស្វែង​រកអន្តរាគមន៍​ពីមន្រ្តីជាន់​ខ្ពស់ចំពោះការរំលោភបំពានចរាចរណ៍ត្រូវតែបញ្ចប់។ ទោះបីជាយ៉ាងនេះក្តី នៅពេលដែលបញ្ហាបានកើតឡើងចំពោះកុមាររបស់យើង បែរជាវិធានការសុវត្ថិភាព​មិនត្រូវបានយកមក​អនុវត្តទៅ​វិញ​។ បើទោះជាមាត្រា៨នៃច្បាប់ចរាចរណ៍​ផ្លូវគោកចែងថា កុមារដែលមានអាយុចាប់ពី៣ឆ្នាំឡើងទៅត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ នៅពេលធ្វើដំណើរតាមម៉ូតូក៏ដោយ ក៏ប្រយោគនេះមិនត្រូវបាន​នគរបាលចរាចរណ៍​យកទៅអនុវត្តឡើយ។ នេះក៏ដោយសារតែការពិន័យលើការមិនពាក់មួកសុវត្ថិភាព​ដែលចែងនៅក្នុង  «អនុក្រឹត្យស្តីពីការពិន័យ​អន្តរការណ៍ចំពោះអំពើល្មើស​ច្បាប់ស្តីពីចរាចរណ៍ផ្លូវ​គោក» មិនបានរាប់បញ្ជូលកុមារ ថាជាអ្នកបំពាន។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ប្រចាំកម្ពុជា ដែលជាអង្គការអន្តរជាតិផ្តោតលើការ​បញ្ចប់វិបត្តិនៅលើផ្លូវដែលធ្វើឲ្យអន្តរាយ​ដល់ប្រទេស​កំពុងអភិវឌ្ឍ បានសំដែងការព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះអនុក្រឹត្យស្តីពីការគារអនុវត្តច្បាប់នេះ ពិសេសការមិនគិតពីកុមារជាអ្នករួមដំណើរ។ យបានមើល​ឃើញបទពិសោធន៍នៅបណ្តា​​ប្រទេស​ជិតខាង នោះការពង្រឹងការអនុវត្តច្បាប់ត្រូវតែអនុវត្តឲ្យមានការពាក់មួកសុវត្ថិភាពជាសកល។ ការដែលមិនបានបង្ខំឲ្យមានការពាក់​មួកសុវត្ថិភាពសម្រាប់កុមារនេះហើយ ទើបអាចធ្វើឲ្យកុមារ​ជាច្រើនកាន់តែរងគ្រោះ។

បើតាមរបាយការណ៍ឆ្នាំ២០១៤របស់ប្រព័ន្ធព័ត៌មាន ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានឲ្យដឹងថា ៧៣%នៃអ្នកគ្រោះថ្នាក់ចរាចរណ៍​នៅកម្ពុជាគឺជាអ្នក​ជិះម៉ូតូ ដែលរួមមាន​អ្នកបើកបរ និងអ្នករួមដំណើរទាំងក្មេងនិងមនុស្សចាស់។ របាយការណ៍បង្ហាញថា ៦៩% នៃអ្នកគ្រោះថ្នាក់នោះគឺរងការប៉ះទង្គិចក្បាល ហើយភាគច្រើន​លើសលុប​មិនបានពាក់​មួក​សុវត្ថិភាពនៅពេល​គ្រោះថ្នាក់កើតឡើង។

នៅក្នុងការធ្វើអង្កេតមួយរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីកាលពីពេលថ្មីៗនេះដែរ ក្នុងចំណោមមនុស្ស៤០០នាក់ គឺមាន៦២%បានឆ្លើយថា ​ពួកគេបើកបរម៉ូតូដោយ​មានក្មេងបានរួមដំណើរ​ជាមួយ។ នៅគ្រានោះដែរ ៧៤% បានគាំទ្រគំនិតឲ្យមានការអនុវត្តច្បាប់សម្រាប់កុមារ ដែលអ្នកបើកបរត្រូវតែទទួលពិន័យ ប្រសិនបើអ្នករួមដំណើរ​ជាកុមារមិនបានពាក់មួកសុវត្ថិភាព។

បើយោងតាមការអង្កេតខាងលើ អ្នកឆ្លើយចំនួន១០០% បានគាំទ្រគំនិតដែលថា សាលារៀនត្រូវតម្រូវឲ្យទាំងសិស្សានុសិស្សនិងលោកគ្រូអ្នក​គ្រូពាក់មួកសុវត្ថិភាព ដែលជា «ផ្នែកនៃឯកសណ្នាន»។ យើងគិតស្រមៃទៅមើលថា តើយើងទទួលរងភាពសោកសៅយ៉ាងណា នៅពេលដែលបុត្រធីតារបស់យើងមិនបានពាក់មួកសុវត្ថិភាព ហើយពួកគេបានពើបប្រទះ​នឹងការបុកទង្គិចក្បាល​នៅលើដង​ផ្លូវ​នោះ?

ជាការពិត តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ នោះយើងនឹងអាចមានថ្ងៃដែលយើងឈប់សួរខ្លួនឯងនូវសំណួរនេះ។ ជាការចូលរួមចំណែក អ្នកសារព័ត៌មានត្រូវប្រើតួនាទី​ដ៏ចម្បងរបស់​ខ្លួន ដើម្បីបង្កើនការយល់ដឹងដល់សាធារណជនស្តីពីការពាក់មួកសុវត្ថិភាព។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលត្រូវតែបង្ខំឲ្យអនុវត្តមាត្រាច្បាប់ស្តីពីការពាក់មួកសុវត្ថិភាពឲ្យបានទូលំទូលាយនិងម៉ឺងម៉ាត់ ខណៈដែលអង្គការសង្គមស៊ីវិលក៏ត្រូវបង្កើនការ​ជួយផ្សព្វផ្សាយ​បន្ថែមនៅតាម​សហគមន៍ពីមាត្រាច្បាប់ដែលមានស្រាប់ ដើម្បីធានាឲ្យមានការពាក់​មួកសុវត្ថិភាព។

បន្ថែមពីលើនេះ វិស័យឯកជនក៏មានតួនាទី​ដ៏សំខាន់ដែរ។ បណ្តាក្រុមហ៊ុន​ដែលមានការទទួលខុស​ត្រូវនៅក្នុងសង្គមអាចរួមគ្នាបង្កើតមូល​និធិមួក​សុវត្ថិភាព​សម្រាប់កុមារនៅក្នុងគ្រួសារ​ដែលមានជីវភាព​មិនធូរធារ។ ឬក៏អាចនិយាយថា រោងចក្រផលិត និងអ្នកធ្វើអាជីវកម្មទោចក្រយានយន្ត​ត្រូវ​ផ្តល់មួកសុវត្ថិភាព​ឲ្យកុមារដោយ​មិន​គិតថ្លៃនៅគ្រប់ហាង​​លក់ម៉ូតូទាំងអស់។

លោកឧត្តមសេនីយ៍ទោ ទី ឡុង អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាននគរ​បាលជាតិបានទទូចឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសសាលារៀន ដើម្បីបង្កើន​ការយល់ដឹងពីមួកសុវត្ថិភាពក្នុងចំណោមកុមារ។

លោកឧត្តមសេនីយ៍ទោ ទី ឡុង បានពន្យល់ថា នៅប្រទេសជិតខាង គ្រូបង្រៀននៅតាម​សាលារៀនបាន​ដកពន្ទុពីសិស្សណាដែលមិនពាក់មួកសុវត្ថិភាព ទោះជាជិះកង់ឬក៏ម៉ូតូក៏ដោយ គឺដើម្បីជំរុញលើកទឹកចិត្តកុមារឲ្យពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នា។

លោកឧត្តមសេនីយ៏បានបន្តថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ដោយប៉ះទង្គិចក្បាលមានការកើនឡើងនៅក្នុងចំណោមកុមារអាយុពី៣ទៅ១៤ឆ្នាំ ហេតុនេះ យើងទទូចឲ្យឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ ព្រមទាំងកុមារខ្លួនឯងផងត្រូវប្រើមួកសុវត្ថិភាពជាប្រចាំនៅពេលធ្វើដំណើរ។

លោក រស់ សាលីន ប្រធានខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បាននិយាយថា ក្រសួងបានផ្តល់ការគាំទ្រនូវគោលបំណងខាងលើ ដោយផ្អែកលើមូលដ្ឋានច្បាប់។
លោកបានបញ្ជាក់ថា «ក្រសួងបានបង្កើតក្រុមការងារសុវត្ថិភាពចរាចរណ៍ ដោយមានយុទ្ធសាស្រ្តលើក​ទឹកចិត្តសិស្ស​នុសិស្សទាំងនៅវិទ្យាល័យនិង​អនុវិទ្យាល័យ ដោយរួមទាំងបឋមសិក្សាផង ឲ្យប្រើប្រាស់មួកសុវត្ថិភាព ខណៈដែលក្រសួងអំពាវ​នាវសប្បុរសជនឲ្យជួយឧបត្ថម្ភមួកសុវត្ថិភាពដល់កុមារ ទាំងអ្នកជិះកង់និងជិះម៉ូតូ»

ចំណែកឯលោកឧត្តមសេនីយ៍ទោ ទី ឡុង វិញក៏បានបន្ទរដែរថា «នៅពេលកុមារកាន់តែច្រើនពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរ នោះយើងពិតជាអាចសង្រ្គោះពួកគេពីការស្លាប់ ឬការរង​របួស​ក្បាល​យូរអង្វែងបាន។ ហេតុនេះ យើងត្រូវតែរួមគ្នាការពារកុមាររបស់យើងនៅលើដងផ្លូវ»។ ត្រូវរួមគ្នាអនុវត្តច្បាប់ ហើយយើងត្រូវជួយសង្រ្គោះជីវិតកុមាររបស់យើងនៅលើដងផ្លូវ គឺសាមញ្ញបំផុត «ឲ្យពួកគេពាក់មួកសុវត្ថិភាព!»