(ព្រះសីហនុ)៖ នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅសាលាដំបូងខេត្តព្រះសីហនុ នឹងមានការបើកសវនាការកាត់ទោស ជនត្រូវចោទ២នាក់ ដែលជាមុខសញ្ញាឆក់កាបូប និងទ្រព្យសម្បត្តិយ៉ាងសកម្មពីជនបរទេស នៅចំណុចឆ្នេរអូរត្រឹះ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងចំណោមជនត្រូវចោទទាំង២នាក់នេះ មានម្នាក់ត្រូវបានសមត្ថកិច្ចធ្លាប់បានបញ្ជាក់ថា គឺជាមេក្លោង ខាងដឹកនាំ និងរៀបចំផែនការពេលធ្វើសកម្មភាពម្តងៗ ដែលមានឈ្មោះ ជា ចាន់រ៉ូសា ហើយក៏ជាកូនប្រុសមន្រ្តីគយម្នាក់ បម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុផងដែរ។

ជនត្រូវចោទទាំង២នាក់នេះ ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ ដេញបង្ក្រាបបានកាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦ ក្រោយពីពួកគេ បានរួមគ្នាធ្វើសកម្មភាពឆក់យកកាបូបរបស់ជនបរទេស នៅតំបន់ឆ្នេរអូរត្រឹះ ដែលមានទូរស័ព្ទដៃចំនួន២គ្រឿង។

មន្រ្តីសាលាដំបូងខេត្តព្រះសីហនុ ដែលដឹងពីសំណុំរឿងមួយនេះច្បាស់ ហើយមិនចង់ឃើញមានការសម្រេចដោះលែងមុខសញ្ញាឆក់ទាំង២នាក់នេះ បានលួយទម្លាយថា នៅរសៀលថ្ងៃនេះ នឹងមានការបើកសវនាការក្រោមវត្តមាន​ លោកចៅក្រម អីុ ឃាង និងតំណាងអយ្យការ ហួត វិចិត្រ អមដោយក្រឡាបញ្ជី ងឹម សុខហេង។

មន្រ្តីរូបនេះ បានបន្តថា តាមទទួលព័ត៌មានសំងាត់ គឺនៅក្នុងសវនាការនេះ ចៅក្រមអាចនឹងសម្រេចដោះលែងជនត្រូវចោទឈ្មោះ ជា ចាន់រ៉ូសា ក្រោយពីឪពុកម្តាយរបស់ជននេះ បានរត់ការខ្វែងខ្វាត់ ហើយពេលបើកសវនាការនោះ នឹងអាចឲ្យមានការទម្លាក់បទចោទប្រកាន់ទៅលើឈ្មោះនេះ ដោយទម្លាក់ការទទួលខុសត្រូវទៅលើឈ្មោះ មឹុង ចក់ ដែលជាបក្ខពួកនោះ។

មន្រ្តីសាលាដំបូងរូបនេះ បានបញ្ជាក់ទៀតថា បើសិនមានការដោះលែងមុខសញ្ញាមួយនេះ មែននោះ ក្រុមសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថ ប្រាកដជាឈឺក្បាល ហើយវិ់លមុខទៀតហើយ ពីព្រោះសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ជនបរទេស ដែលបច្ចុប្បន្ន កំពុងតែស្ងាត់ស្ងៀមនោះ នឹងកើតឡើងជាថ្មីខ្លាំងឡើង ពីព្រោះជននេះជាមេក្លោង ខាងរៀបចំផែនការឆក់ម្តងៗ៕