(សៀមរាប)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ បានបង្ហាញពីគំនិតយោបល់ដ៏ទូលំទូលាយថា អ្វីដែលសំខាន់ និងលំបាកគ្រប់គ្រងជាងផលិតភាពការងារ គឺធនធានមនុស្ស ដែលនៅតាមអង្គភាពនានា តែងតែចាត់ចែងឱ្យមានអ្នកឯកទេសផ្នែកធនធានមនុស្ស ដើម្បីជួយទទួលបន្ទុកកិច្ចការដោយឡែក។

ក្នុងអង្គសន្និសិទលើកទី២ ស្ដីពីការប្រើប្រាស់សារធាតុអាស់បេស្តូស នៅកម្ពុជា លោករដ្ឋមន្រ្តី បានសម្ដែងនូវការយកចិត្តទុកដាក់ដល់សុខសុវត្ថិភាពរបស់កម្មករ និយោជិតថា «ការបង្កើតការងារថ្មី គឺជាភារកិច្ចមួយដ៏ចាំបាច់ ហើយការថែទាំកម្លាំងពលកម្មទាំងនោះ ឱ្យមានសុខភាព និងសុវត្ថិភាពល្អ រឹតតែមានសារសំខាន់ថែមទៀត ចំពោះលោក លោកស្រី ដែលជាម្ចាស់សហគ្រាស អាជីវកម្ម ពិតជាមានការងារដ៏ច្រើន ក្នុងការគិតគូចាត់ចែងទៅលើអ្វីៗ ដែលចាំបាច់បំផុត ដើម្បីផលិតភាពការងារ ប៉ុន្តែអ្វីដែលខ្ញុំគិតថាសំខាន់ជាងនេះ គឺធនធានមនុស្ស ព្រោះដោយសារ បរិយាកាសអាកាសធាតុ បរិយាកាសសង្គមមានការប្រែប្រួល សុទ្ធតែអាចធ្វើឱ្យមានបញ្ហា ដូចជា កត្តាវត្តមាន អវត្តមានរបស់កម្មករនិយោជិត នឹងអាចជះឥទ្ធិពលដល់ចង្វាក់ផលិតកម្ម យ៉ាងពិតប្រាកដ»

ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងព្រួយបារម្ភពីស្ថានភាពរបស់កម្មករនិយោជិតដូចច្នេះ លោករដ្ឋមន្រ្តី ក៏បានជំរុញឱ្យមានការរៀបចំសន្និសិទមួយ នៅថ្ងៃនេះ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយអ្នកឯកទេសជំនាញផ្នែកសារធាតុអាស់បេស្តូស (CIC) ដើម្បីចែករំលែកបទពិសោធន៍សំខាន់ៗ ផ្ដល់នូវការណែនាំ និងការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាសុខភាព និងសុវត្ថិភាពការងារ និងដើម្បីយកទៅផ្សព្វផ្សាយដល់បណ្ដាម្ចាស់រោងចក្រ សហគ្រាសនានា ក្នុងការបង្ការ ទប់ស្កាត់ និងការពារ ពីគ្រោះថ្នាក់នៃសារធាតុអាស់បេស្តូសនេះ ក៏ដូចជាការពារជំងឺវិជ្ជាជីវៈ ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់បំផុត។

សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ភាគីថៃ មានលោក ម៉ាណុប ចារឺនជិតថៃ តំណាងមជ្ឈមណ្ឌលព័ត៌មាន គ្រីសូថៃយ៍ (CIC) បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយភាគីកម្ពុជា មានលោក ហ៊ុយ ហានសុង តំណាងនាយកដ្ឋានពេទ្យកាងារ និងលេខាធិការគណៈកម្មការសម្របសម្រួលត្រីភាគី (TCC) ស្ដីពីការប្រើប្រាស់សារធាតុអាស់បេសស្តុស៍នេះ នៅប្រទេសកម្ពុជា ដោយមានលោករដ្ឋមន្រ្តី អ៉ិត សំហេង ធ្វើជាសាក្សីផងដែរ៕