(ភ្នំពេញ)៖ ក្រសួងការបរទេសជប៉ុន បានចាប់អារម្មណ៍នឹងទម្លៀបទម្លាប់បរិភោគអាហាររបស់ខ្មែរ គឺបាយ ជាមួយឪឡឹក និងត្រីងៀត។

ក្រសួងការបរទេសជប៉ុន បានយករបបអាហារមួយមុខនេះ ទៅបង្ហោះនៅលើបណ្តាញសង្គម Twitter ហើយក៏បានរំលេចរូបភាពរបស់មន្ត្រីស្ថានទូតជប៉ុន កំពុងស្រស់ស្រូបបាយជាមួយឪឡឹក និងត្រីងៀតផងដែរ។

ក្នុងសារនោះ ក៏បានរៀបរាប់អំពីការជាប់ចិត្តជាមួយរសជាតិនៃអាហារខ្មែរមួយមុខនេះផងដែរ។

រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ក្នុងដំណើរអញ្ជើញទស្សនកិច្ចនៅកម្ពុជាកាលពីដើមខែសីហា ក៏បានបង្ហាញការជាប់ចិត្តនឹងម្ហូបរបស់ខ្មែរផងដែរ។ ម្ហូបខ្មែរ ដែលលោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ជាប់ចិត្តនោះ គឺ «អាម៉ុក»។

ការបង្ហាញម្ហូបខ្មែរនៅលើបណ្តាញសង្គមរបស់ក្រសួងការបរទេសជប៉ុន គឺជាការបង្ហាញឱ្យនូវចេតនាដ៏ល្អរបស់ជប៉ុន ក្នុងការផ្សព្វផ្សាយអាហាររបស់ខ្មែរទៅកាន់ប្រជាពលរដ្ឋជប៉ុន៕