(កំពង់ធំ)៖ លោកស្រី ទឹម សុខអ៉ីម អភិបាលរងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានសំណូមពរដល់អាជ្ញាធរសង្កាត់ឱ្យបន្តសហការជាមួយសហគមន៍បន្ថែមទៀត ដើម្បីរក្សា និងការពារអភិរក្សធនធានធម្មជាតិដែលមានស្រាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានធ្វើការគាំទ្រ និងចូលរួមសហការណ៍ជាមួយសហគមន៍ទាំងអស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការរួមគ្នាដោះស្រាយ។

ការសំណូមពរបែបនេះ របស់លោកស្រី ទឹម សុខអ៉ីម បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហារបស់សហគមន៍ ដើម្បីរកដំណោះស្រាយជាមួយសហគមន៍ និងអាជ្ញាធរមូលដ្ឋានក្រុងស្ទឹងសែន ដែលរៀបចំអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅសាលាក្រុងស្ទឹងសែន ដើម្បីរកបញ្ហា ប្រឈមយក មកធ្វើការដោះស្រាយ។

លោក ឈើយ ប៊ុនទ្រីម តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានលើកឡើងថា អង្កការ វិទ្យាស្ថាន
តស៊ូមតិ និងគោលនយោបាយ (API) បានកំពុងអនុវត្តគម្រោងសម្លេង និងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា (២០១៣-២០២២) ក្រោមជំនួយឧបត្ថម្ភគំទ្រថវិកា ពីព្រះវិហារជំនួយ ដេណឺម៉ាក (DCA) និងប្រេតដ៏ហ្វរដឺវើលយ៍ (BFDW)បានខិតខំប្រឹងប្រែងប្រកបដោយសម្រេចគោលបំណងរួមក្នុងការបំពេញសិទ្ធិ និងលើកកម្ពស់សម្លេងរបស់ប្រជាពលរដ្ឋដើម្បីធ្វើឱ្យការអភិវឌ្ឍប្រទេសកាន់តែមាននិរន្តរភាព។

លោកបានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ មានគោលបំណង កំណត់បាននូវបញ្ហាផ្សេងៗ ដែលបានកើតឡើង នៅតាមសហគមន៍មូលដ្ឋាន និងធ្វើផែនការ និងដោះស្រាយ និងឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់នៅសហគមន៍។

ជាមួយគ្នានេះដែរ តំណាងសហគមន៍អូរកន្ធរមានជ័យ បានស្នើសុំរដ្ឋបាលក្រុង ជួយសម្របសម្រួលលើតម្លៃជី និងតម្លៃប្រេងម៉ាស៊ូត ស្នើសុំឱ្យបញ្ចុះតម្លៃលើតម្លៃទីផ្សារ បច្ចុប្បន្នជូនដល់ប្រជាពលរដ្ឋ និងការធ្លាក់ចុះតម្លៃស្រូវផងដែរ។ ម៉្យាងវិញទៀត សហគមន៍បានលើកឡើងបញ្ហាថាក្រុមហ៊ុនដែលបានផ្គត់ផ្គង់ទឹកសម្រាប់ធ្វើស្រែរបស់សហគមន៍បានចេញអាជ្ញារប័ណ្ណថ្មីតែមិនផ្តល់ព័ត៌មានជម្រាបជូនរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់ និងសហគមន៍ឱ្យបានដឹងជាមុនហើយថែមទាំងឡើងថ្លៃទឹកផងដែរ។

ចំណែកសហគមន៍នេសាទបឹងតាសែង ក៏បានលើកឡើងពីបញ្ហាប្រឈមក្នុងសហគមន៍របស់ពួកគាត់ផងដែរមានក្រុមហ៊ុនផ្គត់ផ្គង់ទឹក បានរំលោភយកដីសហគមន៍នៅក្នុងតំបន់អភិរក្សបឹងតាសែង ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់អភិរក្សរបស់សហគមន៍ ដូច្នេះ សហគមន៍នេសាទបឹងតាសែង បានស្នើសុំដល់រដ្ឋបាលក្រុងជួយសម្របសម្រួលនឹងជួយដោះស្រាយជូនដដល់សហគមន៍របស់ពួកគាត់ផង។

លោកស្រី ទឹម សុខអ៉ីម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) ដែលបានខិតខំប្រឹងប្រែងផ្តល់យោបល់បទពិសោធន៍ ដើម្បីដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរយៈពេលកន្លងមក។ ចំពោះបញ្ហារបស់សហគមន៍ទាំងពីរ ដែលបានលើកឡើងមកនេះលោកស្រីនឹងទទួលយកដើម្បីរាយការណ៍ជូនគណៈអភិបាលក្រុងបន្តទៀត។

លោកស្រីបានផ្តល់អនុសាសន៍ថា សូមឱ្យសហគមន៍ទាំង២ ធ្វើរបាយការណ៍ដាក់ជូនមករដ្ឋបាលក្រុងឱ្យបានជាក់លាក់ដើម្បីរដ្ឋបាលក្រុងបន្តនីតិវិធី ក្នុងការរកដំណោះស្រាយជូនសហគមន៍បន្តទៀត។

លោកស្រីបានបន្តថា រាល់បញ្ហាទាំងអស់ ត្រូវការពេលវេលាក្នុងការដោះស្រាយ ត្រូវអត់ធ្មត់រងចាំ ហើយបញ្ហា ខ្លះហួសដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុងផងដែរ ដែលធ្វើឱ្យរដ្ឋបាលក្រុងមិនអាចដោះស្រាយបានសូមឱ្យសហគមន៍ យោគយល់។ ជាពិសេសសូមឱ្យសហគមន៍ទំនាក់ទំនង ជាមួយការិយាល័យពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍ ដើម្បីជួយពង្រឹងបន្ថែមដល់សហគមន៍របស់ពួកគាត់។

ជាលទ្ធផលរួមលោកស្រីអភិបាលរង និងមន្រ្តីគម្រោងបានឆ្លើយតប និងគាំទ្រយ៉ាងពេញទំហឹងលើបញ្ហាដែលបាន លើកឡើង ដោយលោកស្រីបានសន្យាថា រដ្ឋបាលក្រុងនឹងបើកកិច្ចប្រជុំរួមដើម្បីរកវិធីដោះស្រាយជូនសហគមន៍ឱ្យទាល់តែបាន នឹងពេញចិត្តជាទីបំផុត៕