(ព្រះសីហនុ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា មានគ្រូពេទ្យ គឺមានក្ដីសង្ឃឹម ហើយវត្តមាននៃក្រុមគ្រូពេទ្យជនជាតិបារាំង គឺជាស្ពានមួយតភ្ជាប់នូវចំណងមិត្តភាពដ៏មានតម្លៃរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។

ការថ្លែងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងកម្មវិធីសំណេះសំណាល អាហារសាមគ្គី និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា និងក្រុមគ្រូពេទ្យស្មគ្រចិត្ត នៃសមាគមបេសកម្មមនុស្សធម៌របស់ប្រទេសបារាំង ដែលបានចុះពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដោយអញ្ជើញចូលរួមពីលោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក លោកស្រីជាសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌នៅកម្ពុជា ក្រុមគ្រូពេទ្យស្មគ្រចិត្តនៃសមាគមបេសកម្មមនុស្សធម៌របស់ប្រទេសបារាំង គ្រូពេទ្យមណ្ឌលសុខភាពស្រុកព្រៃនប់ និងយុវជនស្ម័គ្រចិត្តជាច្រើនរូប។

ក្នុងឱកាសនោះដែរ ក្នុងនាមរដ្ឋមន្ត្រី សាយ សំអាល់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «មានគ្រូពេទ្យ គឺមានក្ដីសង្ឃឹម ហើយវត្តមាននៃក្រុមគ្រូពេទ្យជនជាតិបារាំង គឺជាស្ពានមួយតភ្ជាប់នូវចំណងមិត្តភាពដ៏មានតម្លៃរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។ ពិសេសជាឱកាសសម្រាប់គ្រូពេទ្យកម្ពុជាក្នុងមូលដ្ឋាន ដកស្រង់ពិសោធន៍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនផងដែរ»

គួរបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមមនុស្សធម៌របស់ប្រទេសបារាំង សហការជាមួយអាជ្ញាធរមូលដ្ឋានស្រុកព្រៃនប់ និងស្រុកកំពង់សិលា ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២២ បានចំនួនសរុប៧៤២នាក់ នៅមូលដ្ឋានឃុំអូរជ្រៅ ស្រុកព្រៃនប់ និងឃុំស្ទឹងឆាយ ស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ៕