(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទម្លាយថា មន្ត្រីក្រសួងមហាផ្ទៃថ្នាក់អនុរដ្ឋលេខាធិការមួយរូប ត្រូវបានបញ្ចប់មុខតំណែងក៏ដោយសារតែការប្រព្រឹត្តអំពើពុករលួយ ដោយដើរសន្យាផ្តល់ក្របខណ្ឌមន្ត្រីជាថ្នូរនឹងលុយសម្រាប់អ្នកចង់ចង់ចូលធ្វើជាមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានគូសរំលេចពីការធ្វើកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃ ជាពិសេសពង្រឹងលើការប្រឡងចូលក្របខណ្ឌតែម្តង។

សម្តេចក្រឡាហោម បានគូសរំលេចថា ការប្រឡងចូលក្របខណ្ឌនេះ ត្រូវតែមានតម្លាភាព បើគ្មានតម្លាភាពទេ គឺគ្មានន័យនោះឡើយ។ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងពីពាក្យចចាមអារ៉ាមមួយចំនួនពាក់ព័ន្ធអំពើពុករលួយក្នុងការប្រឡងចូលក្របខណ្ឌមន្ត្រីនេះ។

លើកឡើងដល់រឿងនេះ សម្តេចក្រឡាហោម ស ខេង ក៏បានទម្លាយពីករណីមន្ត្រីថ្នាក់អនុរដ្ឋលេខាធិការមួយរូបនៅក្នុងក្រសួងមហាផ្ទៃ បានរត់ការលក់ក្របខណ្ឌមន្ត្រីនេះ ហើយទីបំផុតសម្តេច ក៏បានសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យបញ្ចប់មុខតំណែងតែម្តង។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ដូច្នេះ «មន្ត្រីដែលត្រូវពិន័យថ្នាក់អនុរដ្ឋលេខាធិការ។ ខ្ញុំស្នើទៅសម្តេចតេជោ ដកចេញ។ ហ្នឹងដើរសន្យាគេហ្មង»

សម្តេចក្រឡាហោម បន្ថែមថា «នេះជារឿងមួយដែលយើងត្រូវអាកាត់។ បើមិនអ៊ីចឹងទេ ដើរសន្យាលក់អាក្របខណ្ឌហ្នឹង។ អាហ្នឹងអត់បានទេ។ យើងកំពុងតែកំណែទម្រង់នគរបាល ដើម្បីឈានទៅធ្វើយ៉ាងម៉េចឱ្យមានគុណភាព ប្រសិទ្ធភាពបម្រើប្រជាពលរដ្ឋ»

សម្តេ ចក្រឡាហោម ស ខេង មិនបានបង្ហាញអត្តសញ្ញាណមន្ត្រីដែលត្រូវបញ្ចប់មុខតំណែង ព្រោះតែការប្រព្រឹត្តអំពើពុករលួយនេះឡើយ។ ក៏ប៉ុន្តែកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ជា ប៊ុនហេង ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

បើទោះបីសម្តេចក្រឡាហោម ស ខេង មិនបានបញ្ជាក់អត្តសញ្ញាណមន្ត្រីដែលប្រព្រឹត្តទង្វើពុករលួយនេះក្តី តែគេបានសន្និដ្ឋានថា មន្ត្រីរូបនោះ គឺលោក ជា ប៊ុនហេង៕