(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមសមាជលើកទី៥ នៃសមាគមតុលាការធម្មនុញ្ញអាស៊ី និងស្ថាប័នប្រហាក់ប្រហែល (AACC) តាមប្រព័ន្ធវីដេអូអនឡាញ (Zoom) ក្រោមប្រធានបទ «ការអភិវឌ្ឍថ្មីៗនៃយុត្តិធម៌ធម្មនុញ្ញនៅអាស៊ី»

សមាជលើកទី៥ នៃសមាគមតុលាការធម្មនុញ្ញអាស៊ី និងស្ថាប័នប្រហាក់ប្រហែលនេះ បានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋធានីអ៊ូឡាន់បាតា (Ulaanbaatar) ប្រទេសម៉ុងហ្គោលី។

សូមបញ្ជាក់ថា សមាគមតុលាការធម្មនុញ្ញអាស៊ី និងស្ថាប័នប្រហាក់ប្រហែល ដែលហៅកាត់ថា AACC គឺជាវេទិកាតំបន់អាស៊ីសម្រាប់យុត្តិធម៌រដ្ឋធម្មនុញ្ញ ដែលបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០១០ ដើម្បីលើកកម្ពស់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋាននៅអាស៊ី តាមរយៈការបង្កើនការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ទាក់ទងនឹងយុត្តិធម៌រដ្ឋធម្មនុញ្ញ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងស្ថាប័នអនុវត្តយុត្តាធិការរដ្ឋធម្មនុញ្ញ។

លើសពីនេះទៀត AACC ក៏បានបង្កើតកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកក្នុងទម្រង់ជាសន្និសីទ និងសន្និសីទអន្តរជាតិ វគ្គសិក្សាខ្លីៗ និងការផ្លាស់ប្តូរធនធានមនុស្សផងដែរ៕