(សៀមរាប)៖ យុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការវាស់វែង កំណត់និយាមកាក្បាលដី អត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមហើយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះប្រតិបត្តិការដោយផ្ទាល់។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចុះទៅកាន់ភូមិសំខាន់ៗមួយចំនួន ដែលនៅក្បែរប្រាសាទអង្គរ គឺតំបន់១ និងតំបន់២ ដូចជាភូមិវាល មណ្ឌល៣ និងភូមិទក្សិណខាងត្បូងជាដើម។

យុទ្ធការចុះវាស់វែង និងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ខែសីហា នេះតទៅ។ យុទ្ធនាការនេះ មានកម្លាំងសរុប ៧៧៩ ចែកចេញជា៣២ក្រុម ក្នុងនោះមានមន្រ្តីក្រសួងរៀបចំដែនដី ៤៣៩រូប ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ២៣២រូប និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន ១០៨រូប។

ក្នុងពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រកាសចាត់វិធានការយ៉ាងម៉ឹងម៉ាត់ និងគ្មានការអនុគ្រោះនោះឡើយ ចំពោះសំណង់ខុសច្បាប់ទាំងឡាយនៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ។ លោកបានបញ្ជាឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរត្រូវរុះរើចេញ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថា ក្នុងឧទ្យានជាតិអង្គរសព្វថ្ងៃមានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី។ រយៈពេល៣ខែចុងក្រោយនេះ សំណង់ខុសច្បាប់ថ្មីកើតឡើងសរុប ៣៩៨ករណី ក្នុងនោះបានរុះរើចេញចំនួន ជាង ២០០ករណី។

ក្រសួងបានដាក់លក្ខខណ្ឌដាច់ណាត់ឱ្យម្ចាស់សំណង់ខុសច្បាប់ទាំងអស់នេះ ត្រូវរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានព្រមានចាត់វិធានការច្បាប់ ចំពោះអ្នកចេញតវ៉ាការពារសំណង់ខុសច្បាប់ទាំងនេះផងដែរ។

តំបន់រមណីយដ្ឋានអង្គរ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ មានទំហំ ៤០១គីឡូម៉ែត្រការ៉េ ជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវរក្សាការពារដាច់ខាត មិនអាចកាត់ឆ្វៀលបានឡើយ។

យុទ្ធនាការនេះធ្វើឡើង ក្នុងបំណងរក្សាការពារតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោកសម្រាប់មនុស្សជាតិទាំងមូល៕