(ភ្នំពេញ)៖ ដូចការគ្រោងទុកតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា ៦៨រូប នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ បានបើកកិច្ច ប្រជុំពេញអង្គពិនិត្យទៅលើសំណុំរឿងរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពី សាលាដំបូងរាជធានីភ្នំពេញថា លោក កឹម សុខា បានប្រឆាំងទៅនឹងដីកាកោះហៅរបស់តុលាការចំនួនពីរដង ពាក់ព័ន្ធបទសញ្ចាកម្ម តាមបណ្តឹងរបស់កញ្ញា ខុម ចន្ទតារាទី ហៅស្រីមុំ។ បន្ទាប់ពីបើកកិច្ចប្រជុំតំណាងរាស្រ្តមកពីគណបក្សកាន់អំណាចទាំង ៦៨រូប បានលើកដៃព្រមគ្នាបើកផ្លូវឲ្យតុលាការ និងសមត្ថកិច្ច អនុវត្តតាមច្បាប់ទៅលើលោក កឹម សុខា ក្នុងសំណុំរឿងដែលបានចោទប្រកាន់។

ការបើកផ្លូវឲ្យតុលាការ និងសមត្ថកិច្ចចាត់ចំណាត់ការផ្លូវច្បាប់ចំពោះលោក កឹម សុខា ក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋសភា ដែលមិនមាន ការចូលរួមពីតំណាងរាស្ត្រ​មកពីគណបក្សសង្រ្គោះជាតិ នាំឲ្យមានការលើកឡើងទិដ្ឋភាពច្បាប់ខុសៗគ្នា ពីខាងតំណាងរាស្ត្រ​របស់គណបក្ស សង្រ្គោះជាតិ និងខាងអ្នកនាំពាក្យរបស់រដ្ឋសភា។

តំណាងរាស្ត្រគណបក្សប្រឆាំង លោក ស៊ុន ឆ័យ បានលើកឡើងនៅក្នុងសន្និសីទនាទីស្នាក់ការកណ្តាលរបស់បក្សក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យថា ការសម្រេចរបស់រដ្ឋសភា បានធ្វើរំលោភ​ខ្លាំង​ទៅរដ្ឋធម្មនុញ្ញ។ ផ្ទុយទៅវិញ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គ លេខាធិការដ្ឋានរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា ការសម្រេចបានធ្វើឡើងយ៉ាងត្រឹមត្រូវ និងគោរពទៅ​តាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ លោក ឡេង ប៉េងឡុង បានបន្ថែមថា មុនឈានដល់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃរដ្ឋសភា និងកិច្ចប្រជុំពេញ អង្គពិនិត្យសម្រេច​លើសំណុំរឿង លោក កឹម សុខា គឺសភាបានទទួលនូវសេចក្តីបំភ្លឺទាំងខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងខាងក្រសួងយុត្តិធម៌ផងដែរ។

បើទោះបីជាមានការបើកដៃពីខាងរដ្ឋសភា ឲ្យអនុវត្តច្បាប់លើលោក កឹម សុខា យ៉ាងណាក្តី តែអង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបញ្ជាក់ពីខាងតុលាការ ក៏ដូចជាសមត្ថកិច្ចថា នឹងមានចំណាត់ការបន្តលើលោក កឹម សុខា ឬយ៉ាងណានៅឡើយនោះទេ?

ទន្ទឹមការបើកដៃរបស់រដ្ឋសភាឲ្យចាត់វិធានការលើសំណុំរឿង ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ មេធាវីការពារក្តីឲ្យលោក កឹម សុខា ចំនួន ៥រូប ក៏បានធ្វើសំណើមួយច្បាប់ ដោយមានការពន្យល់ហេតុផលផ្សេងៗចំនួន ៣ទំព័រទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យបញ្ឈប់ដំណើរការ នីតិវិធីលើសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា។

ដើម្បីការពារលោក កឹម សុខា ពីសំណុំរឿងអាស្រូវផ្លូវភេទ និងចំណាត់ការផ្លូវច្បាប់ គណបក្សសង្រ្គោះជាតិនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ក៏បានកៀងគរអ្នកគាំទ្ររបស់ខ្លួនទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដង្ហែទៅកាន់ព្រះបរមរាជវាំង ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

ការដង្ហែញត្តិរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានដឹកនាំដោយតំណាងរាស្រ្ត តែក្បួនដង្ហែ ដែលធ្វើឡើងនៅម៉ោងប្រមាណ ២រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ មិនត្រូវកងកម្លាំងសមត្ថ​កិច្ចអនុញ្ញាត​ឲ្យធ្វើដោយបើកទូលាយនោះឡើយ ពោលការដង្ហែក្បួនមិនអនុញ្ញាតឲ្យ មានក្បួនរថយន្ត ឬរ៉ឺម៉កកង់ ៣នោះឡើយ គឺមានតែរថយន្តចំនួន ២៣គ្រឿងប៉ុណ្ណោះ។

ក្បួនរថយន្តដង្ហែញត្តិរបស់ក្រុមតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ក៏មានការរំខានខ្លះៗពីក្រុមយុវជន ដឹកនាំដោយកញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន ផងដែរ នៅមុខនៅសណ្ឋាគារ​កាំបូឌីយ៉ា​ណា។ កញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន ត្រូវបានគេដឹងថា ជាក្រុមមួយ ដែលតែងតែដឹកនាំក្រុមយុវជនទាមទារឲ្យលោក កឹម សុខា ចេញស្រាយបំភ្លឺលើរឿងអាស្រូវ ដែលត្រូវ​បានគេទម្លាយ​តាមទំព័រ Facebook «រឿងពិត CNRP»។

បើទោះបីមានការរំខានខ្លះពីកងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ដែលចេញមកអន្តរាគមន៍រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងពីក្រុមយុវជនរបស់កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន តែញត្តិរបស់អ្នក​គាំទ្រ​របស់គណបក្សសង្រ្គោះជាតិចំនួន១៨ដុំ តំណាងឲ្យស្នាមមេដៃប្រជាពលរដ្ឋប្រមាណ ១៧ម៉ឺននាក់ ត្រូវបានដង្ហែទៅដល់ព្រះបរមរាជវាំង ដោយជោគជ័យនៅម៉ោង ៤រសៀលថ្ងៃដដែល។ សូមបញ្ជាក់​ថា ញត្តិ ដែលគេប្រមូលបានពី អ្នកគាំទ្រនៅតាមរាជធានី-ខេត្ត គឺទាមទារនូវលក្ខខណ្ឌ ៤ចំណុច មានដូចជាទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំ​ការបោះ​ឆ្នោត សកម្មជនគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំ ព្រមទាំងការឲ្យលុបនូវចំណាត់ការលើលោក កឹម សុខា ផងដែរ។

លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកៅហៅឱ្យចូលបំភ្លឺនៅ សាលាដំបូងរាជធានីភ្នំពេញចំនួនពីរលើកលើដំណើររឿងប្រព្រឹត្ត «អំពើសញ្ចារកម្ម»។ ការកោះហៅបានធ្វើឡើង បន្ទាប់ពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ សារភាពថា មានទំនាក់ទំនងស្នេហាស៊ីជម្រៅ ជាមួយលោក កឹម សុខា។ ស្រីមុំ បានប្តឹងចោទលោក កឹម សុខាថា មិនបានធ្វើតាមការសន្យា ហើយប្តឹងទាមទារសំណង ៣០ម៉ឺនដុល្លារ។

បន្ទាប់ពីការកោះហៅចំនួនពីរលើកមិនព្រមចូលខ្លួន នៅថ្ងៃ២៦ ខែឧសភា កន្លងទៅនេះ កងកម្លាំងសមត្ថកិច្ច បានស្វែងតាមរកចាប់ខ្លួនលោក កឹម សុខា ទាំងនៅតាមផ្លូវ រហូតដល់ទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ជាហេតុធ្វើឲ្យលោក កឹម សុខា មិនអាចចេញទៅណាបានឡើយ ហើយកំពុងសម្ងំលាក់ខ្លួនពួនអាត្មានៅទីស្នាក់ការ ក្រោមកិច្ចការពារពីអ្នកគាំទ្រ។

ការតាមចាប់ខ្លួនពីកងកម្លាំងសមត្ថកិច្ច ត្រូវបានធ្វើឡើងដោយចោទប្រកាន់លោក កឹម សុខា ថា រំលោភមាត្រា ៥៣៨ នៃច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា។ មាត្រា ៥៣៨ បានចែងថា «រាល់បុគ្គលណាដែលត្រូវបានកោះហៅ ឱ្យចូលមកឆ្លើយ ជាសាក្សីនៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួន តាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ១លានរៀល»

គណបក្សសង្រ្គោះជាតិ បានប្រកាសថា ពួកគេនឹងការពារមិនឲ្យមានការចាប់ខ្លួនលោក កឹម សុខា នោះឡើយ ហើយទាមទារស្វែងរក ការអន្តរាគមន៍ទៅកាន់ស្ថាប័នអន្តរជាតិផ្សេងៗទៀត តាមរយៈសំឡេងរបស់អ្នកគាំទ្ររបស់ខ្លួន។ ស្ថានការណ័នយោបាយនៅកម្ពុជាត្រូវបានគេ មើលឃើញថា កំពុងកើនឡើងកំដៅ ហើយមិនងាយនឹងត្រជាក់ទៅវិញនោះឡើយ គ្រាដែលចំណាត់ការផ្លូវចាប់លើលោក កឹម សុខា នៅតែបន្ត ហើយការចេញមករារាំងពីអ្នកគាំទ្របស់គណបក្សសង្រ្គោះជាតិនៅតែមាននោះ។

លោកបណ្ឌិត សុខ ទូច អ្នកតាមស្ថានការណ៍នយោបាយនៅកម្ពុជា ហើយក៏ជាអ្នកវិភាគនយោបាយដែរនោះ បានជំរុញឲ្យលោក កឹម សុខា ចូលខ្លួនឆ្លើយបំភ្លឺនៅតុលាការ ជាដំណោះស្រាយមួយដ៏ប្រសើរជាងការយកសំឡេងរបស់គាំទ្រ ទៅទប់ទល់ជាមួយ និងកម្លាំងរបស់រាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោតស្របច្បាប់ ដែលអាចនាំឲ្យមានការប្រឈមកាន់តែខ្លាំង និងខាតប្រយោជន៍របស់ជាតិ និងប្រជាជន៕