(ភ្នំពេញ)៖ ជម្លោះដ៏រាំរ៉ៃរវាងប្រជាពលរដ្ឋ ជាង១០គ្រួសារ ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈ្មោះ ងួន ឃុន ដែលបានសាងសង់ រំលោភយកផ្លូវសាធារណៈ និងសង់លើសពីប្លង់កំណត់នោះ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេ រហូតមកដល់ពេលនេះ បើទោះបីជាអាជ្ញាធរបានចូលខ្លួនទៅសម្របសម្រួល ជាច្រើនលើកក៏ដោយ។

ប្រជាពលរដ្ឋទាំងនេះ បានបង្ហាញអស់ក្តីសង្ឃឹម និងអស់ជំនឿលើអាជ្ញាធរមូលដ្ឋានទៀតហើយ មានតែទៅមុខទៀតស្វែងរកអន្តរាគមន៍ ពីថ្នាក់ដឹកនាំ ជាពិសេសលោករដ្ឋមន្រ្តីកណ្តាប់ដៃ ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដីដែលមាន ជម្លោះនេះ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៣ ក្រុមទី១០ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តំណាងប្រជាពលរដ្ឋដែលកំពុងមានជម្លោះជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានអះអាងថា ផ្លូវដែលម្ចាស់ម៉ាស៊ីនកិនស្រូវ សង់រំលោភ នេះមានទទឹង៥ម៉ែត្រ ទៅ៦ម៉ែត្រ ប្រវែងប្រហែលជាង៧០ម៉ែត្រ ចូលទៅលំនៅដ្ឋានពួកគាត់ ។
ប្លង់ដីដែលខាងម្ចាស់រោងម៉ាស៊ីនកិនស្រូវ ទិញមានទំហំត្រឹមទទឹងតែ១៥ម៉ែត្រ ប៉ុន្តែ បានសាងសង់រហូតទៅដល់១៧ម៉ែត្រកន្លះ គឺសង់រំលោភ ហើយផ្លូវនៅសល់តែ២ម៉ែត្រកន្លះ ដូចនេះហើយ ពួកគាត់បានបង្ហាញពីក្តីកង្វល់យ៉ាងខ្លាំង​នៅពេលដែលមានអគ្គិភ័យ កើតឡើង ពោលរថយន្តពន្លត់ មិនអាចបើកចូលទៅសង្រ្គោះបានទេ ដោយសារផ្លូវមានទំហំតូចពេក។ ក្នុងករណីនេះដែរប្រជាពលរដ្ឋ ទាំងអស់បានរាយការណ៍ទៅកាន់អាជ្ញាធរមូលដ្ឋានតាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ មកម្ល៉េះ។

ក្រោយមក លោក សេង គន្ធ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ បានចុះមកសួរនាំ និងផ្អាកការសាងសង់ ក៏ប៉ុន្ដែខាងម្ចាស់រោងម៉ាស៊ីន កិនស្រូវ នៅតែលួចសាងសង់ដដែល។ ពេលដែលកំពុងលួចសាង់ប្រជាពលរដ្ឋ បានរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋានបន្តទៀតហើយ នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៥ លោក សេង គន្ធ អភិបាលរងខណ្ឌដដែល បានហៅប្រជាពលរដ្ឋដែលជាដើមបណ្តឹងនិងម្ចាស់រោង ម៉ាស៊ីនកិនស្រូវ ឱ្យមកសាលាខណ្ឌ ដើម្បីបង្ហាញឯកសារ តែគ្មានឯកសារនោះគឺ មិនមានច្បាប់ស្នើសុំសាលាខណ្ឌ និងក្រុងនោះទេ ហើយអាជ្ញាធរបានផ្អាក់ការសាងសង់។

ប្រជាពលរដ្ឋបានបន្តទៀតថា ម្ចាស់រោងម៉ាស៊ីកិនស្រូវ នៅតែលួចសាងសង់បន្ត រហូតលោកអភិបាលខណ្ឌ បានបញ្ជាឱ្យកម្លាំងចុះឃាត់ និងចាប់យកសំភារៈ។ លុះដល់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៥ លោក សេង គន្ធ លោក ញ៉ែម សារ៉ាឌី អនុប្រធានភូមិបាលខណ្ឌ លោក កង រ៉ុម ចៅសង្កាត់ភ្លើងឆេះរទេះ និងលោក ម៉ែន សុធា មន្រ្តីភូមិបាល បានកោះហៅ ភាគីទំនាស់ទាំងសងខាង មកសាលាសង្កាត់ធ្វើការ សាកសួរ ប៉ុន្តែមិនបានបញ្ចប់ទំនាស់នោះទេ។ ចាប់ពីពេលនោះមកម្ចាស់រោងម៉ាស៊ីនកិនស្រូវ នៅតែបន្តលួចសង់ ដោយមិនគោរពតាម ការហាមឃាត់ របស់អាជ្ញាធរនោះឡើយ រហូតមកដល់ថ្ងែទី១១ ខែវិច្ឆិកា ឆ្នាំ២០១ លោក កែវ សុភា អភិបាលរងដឹកនាំគណៈកម្មការ​ ចម្រុះចុះធ្វើកំណត់ហេតុផ្អាកការសាងសង់សំណង់មួយនេះ ប៉ុន្តែរំលងបាន២ថ្ងៃប៉ុណ្ណោះ នៅតែបន្តលួចសាងសង់ដល់សពថ្ងៃ។
ជុំវិញរឿងមួយនេះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវបានអះអាងថា ផ្លូវដែលប្រជាពលរដ្ឋបានចោទ លោកសង់រំលោភយកផ្លូវនោះគឺគាត់សង់ នៅក្នុងរបងរបស់គាត់តែប៉ុណ្ណោះ។ ម្ចាស់ម៉ាស៊ីនកិនស្រូវ បានបញ្ជាក់បន្ដថា ផ្លូវនេះមានទំហំតែ២ម៉ែត្រតែប៉ុណ្ណោះ តែផ្លូវនេះពីមុន មិនមែនជាផ្លូវទេ គ្រាន់តែជាច្រកចេញចូល ហើយការសាងសង់របស់លោក បានធ្វើឡើងតាំងពីឆ្នាំ២០០០មកម្ល៉េះ មុនប្រជាពលរដ្ឋ មករស់ទៅទៀត។

លោកបានបន្ថែមទៀតថា បញ្ហាមួយនេះមិនមែនមានរឿងត្រឹមលោកនោះទេ គឺតាំងពីម្ចាស់មុនៗ ក៏មានទំនាស់រឿងផ្លូវមួយនេះដែរតែ ដោយមានការសម្របសម្រួលពីអាជ្ញាធរភូមិសង្កាត់ ទើបផ្លូវនេះមានទទឹង២កន្លះ៕