(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ១ខ្សែប្រវែងជាង៥ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ។

បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានថ្លែងថា ផ្លូវដែលកំពុងបើកឲ្យដំណើរការសាងសង់នាពេលនេះមានប្រវែង ៥ គីឡូម៉ែត្រ ៧៤៤ ម៉ែត្រ ក្នុងនោះប្រវែង ៣ គីឡូម៉ែត្រ ៣៨០ ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីជាន់ប្រភេទ DBST និងប្រវែង ២ គីឡូម៉ែត្រ ៣៦៤ ម៉ែត្រ ជាផ្លូវបេតុង ដែលមានទទឹងប្រវែង ០៨ ម៉ែត្រ និងសំណង់សិល្បការ្យ រួមមានលូប្រអប់ចំនួន ៣កន្លែង លូមូលកាត់ទទឹងផ្លវចំនួន ៨ កន្លែង លូមូលកាត់ផ្លូវបំបែកចំនួន ១៩ កន្លែង លូអក្សរអ៊ុយរំដោះទឹកប្រវែង ១ ៣៦៩ ម៉ែត្រ។ ជាមួយនេះមានបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមបណ្ដោយខ្សែផ្លូវ រួមមានស្លាកសញ្ញាចរាចរណ៍ ៦៩ កន្លែង គំនូសអក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើជើងឆ្លងកាត់ចំនួន ៤ កន្លែងផងដែរ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ ៥ ចាប់ពីភូមិក្បាលថ្នល់ ភូមិតាសូរ ភូមិតាសុខ ភូមិចំបក់ផ្អែម ដល់ភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុង ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយទទួលសាងសង់ដោយ ក្រុមហ៊ុន UNG SIMSIA CONSTRUCTION CO.LTD ក្នុង ទឹកប្រាក់ប្រមាណជា ១ ៧២២ ២២៩.៣៦ដុល្លារអាមេរិក។

លោកបណ្ឌិតបានបន្តថា នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ ផ្ដល់ឱកាសមានលក្ខណៈពិសេសខុស ពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ ១៩។

គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ អនុវត្តពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន៦៧ លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ៧.៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះមានសមាសភាពចំនួន ២គឺ៖

ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដែលត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០ គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគមន៍ចំនួន ៧៥ស្រះ ស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុងចំនួន ៧៥ ស្រះនៅក្នុងខេត្តគោលដៅចំនួន ៥ គឺ៖ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្ត កោះកុង។

ទី២៖ អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រដល់ អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងខេត្តគោលដៅនៃគម្រោង៕