(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងគណៈកម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត និងសមាជិកាក្រុមប្រឹក្សារាជធានី-ខេត្ត។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត សមាជិកគណៈកម្មការទទួល បន្ទុកស្ត្រី និងកុមារ ប្រធាន គ.ក.ស.ក រាជធានី ខេត្ត២៥ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានសរុប ១៣៨នាក់។

លោក គួច ចំរើន បានថ្លែងថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមស្វាគមន៍កិច្ចប្រជុំរវាងគណៈ កម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារជាមួយសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត។ យោងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា៣៩ និង ៤២ បានកំណត់ថា គោលបំណងសម្រាប់អភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាផ្តោតទៅលើតម្រូវការអភិវឌ្ឍសំខាន់ៗជាអាទិ៍ ការកាត់បន្ថយភាពក្រីក្រ និងការឆ្លើយតបទៅតម្រូវការផ្សេងៗរបស់ស្ត្រី បុរស យុវវ័យ កុមារ ក្រុមជនងាយរងគ្រោះ រួមទាំងជនក្រីក្រ ជនជាតិដើមភាគតិច ហើយក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ (គ.ក.ស.ក) មានសិទ្ធិផ្ដល់យោបល់ និងលើកអនុសាសន៍ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងគណៈកម្មាធិការដទៃទៀត លើបញ្ហាពាក់ព័ន្ធនឹងសមភាពយេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារ ដែលស្ថិតនៅក្នុងអំណាចមុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត ជាក់ស្តែងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត បានធ្វើសកម្មភាពលេចធ្លោជា អាទិដូចជា៖

*បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភាគ សម្ភារ និងថវិកាឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ស្រ្តីមេម៉ាយគ្មានទីពឹង ជន រងគ្រោះដោយគ្រោះធម្មជាតិ និងហានិភ័យផ្សេងៗ គ្រួសារផ្ទុកមេរោគអេដស៍ កុមារកំព្រា ទុរគតជន ជនអាណាថា ជនមានពិការភាព និងជនងាយរងគ្រោះនៅតាមក្រុង-ស្រុកទាំង៥ ទូទាំងខេត្ត។

*ចូលរួមអប់រំ ផ្សព្វផ្សាយទប់ស្តាត់លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរផ្លូវភេទ កម្លាំងពលកម្មលើស្រ្តី និងកុមារ។

*ចូលរួមជំរុញការផ្តល់សេវាសុខាភិបាលរួមមាន៖ ការពិនិត្យផ្ទៃពោះ សេវាសម្រាលកូន (ដោយធម្មជាតិ និងវះកាត់) ការពិនិត្យ និងព្យាបាលជំងឺកាមរោគ ការផ្តល់ថ្នំាពន្យាជំងឺអេដស៍ ផ្តល់ថ្នាំគ្រាប់ជីវជាតិ A និងការចាក់វ៉ាក់សំាងការពារជំងឺកូវីដ១៩។ល។

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្ត បានអនុវត្តផ្ទាល់លើសកម្មភាពសេវាសង្គមមូលដ្ឋានរួមមាន៖ ការងារអប់រំមត្តេយ្យសហគមន៍ ការងារសុខភាពសាធារណៈ អាហារូបត្ថម្ភ គោលនយោបាយគាំពារសង្គម ទឹកស្អាត សមភាពយេនឌ័រជាដើម។

លោក ម៉ម សារិន បានឱ្យដឹងថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត។ សមាគមជាតិនៅឆ្នាំ២០១៧ បង្កើតគណៈកម្មការចំនួនបី៖

ទី១៖ គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព។
ទី២៖ គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ។
ទី៣៖ គណៈកម្មការទំនាក់ទំនងសាធារណៈ ដែលមានតួនាទីភារកិច្ចឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារ ចែករំលែកបទពិសោធន៍ល្អៗ និងលើកឡើងពីបញ្ហាប្រឈម ដើម្បីកំណត់ជាអនុសាសន៍សម្រាប់ស្វែងរកដំណោះស្រាយ និងការអន្តរាគមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរៀបចំទស្សនកិច្ចសម្រាប់អ្នក ចូលរួមស្វែងយល់អំពីកិច្ចការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា។

គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ បង្កើតឡើងក្នុងគោលបំណងផ្តល់យោបល់ និងជួយការងារបច្ចេកទេសពាក់ព័ន្ធនឹងការងារស្រ្តី និងកុមារ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ «ការលើកកម្ពស់ស្រ្តីក្នុងវិស័យនយោបាយ និងមុខងារសាធារណៈ» គឺជាអាទិភាពមួយក្នុង ចំណោមអាទិភាពនានា ដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់ ដើម្បីជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅកម្ពុជា៕