(សៀមរាប)៖ រដូវវស្សា គឺជារដូវមួយដែលប្រជាកសិករនៅទូទាំងប្រទេស សប្បាយរីករាយក្នុងការបង្កបង្កើនផល។ ងាកមកប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាបវិញ មានការព្រួយបារម្ភជាខ្លាំង នៅពេលរដូវវស្សាឈានចូលមកដល់ ដែលធ្វើឱ្យផ្ទះសម្បែងរបស់ពួកគាត់ជន់លង់។

ថ្លែងប្រាប់ Fresh News ទាំងទឹកមុខស្ងួត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោក ផាត់ ឃឿយ ដែលរស់នៅក្នុងតំបន់ទឹកភ្លៀងជន់លិច បានលើកឡើងថា ក្នុងភូមិលោកឱ្យតែរដូវវស្សា គឺលិចជារៀងរាល់ឆ្នាំមកហើយ ដោយឆ្នាំមុនៗលិចផ្ទះតិចតួច ប៉ុន្តែឆ្នាំនេះលិចខ្លាំង ដោយផ្ទះមួយចំនួនលិចតិចតួច និងផ្ទះមួយចំនួនទៀតលិចចូលក្នុងផ្ទះជាងកន្លះម៉ែត្រ រីឯតាមផ្លូវវិញ កន្លែងខ្លះលិចរហូតដល់ ១ម៉ែត្រក៏មានដែរ។

លោកថា ឱ្យតែខែភ្លៀងមានផលលំបាកជាខ្លាំង ដោយយានជំនិះគ្រប់ប្រភេទ ត្រូវផ្ញើផ្ទះគេដែលមិនលិច នៅពេលជូនកូនៗទៅសាលាត្រូវលើកគាត់ដាក់លើស្មា រួចដើរឆ្លងកាត់ទឹកទៅយកម៉ូតូជិះទៅសាលា។ រីឯលោកវិញ នៅពេលមកពីធ្វើការពេលយប់ផង ហើយម៉ូតូក៏ផ្ញើនៅផ្ទះគេទៀត មានការក្រែងចិត្តគេជាខ្លាំង ដោយធ្វើការពេលយប់រំខានគេដេកផង។

ដោយឡែក អ្នកស្រី ឈត សម្ផស បានលើកឡើងមិនខុសគ្នានោះដែរ ដោយអ្នកស្រីរៀបរាប់ថា នៅពេលរដូវវស្សាចូលមកដល់នៅតំបន់អ្នកស្រីរស់នៅ ដឹងតែជន់លិចដោយទឹកភ្លៀងជារៀងរាល់។ អ្នកស្រីខ្លាចបំផុតនៅពេលយប់ ដែលកំពុងតែដេកលក់ អាចមានក្អែប ខ្ទួយ ឬក៏ពស់ចូលមក ចឹក ទិចកូនៗ។ អ្នកស្រី ស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យជួយវិធានសាស្ត្រ ដោះស្រាយបញ្ហាទឹកភ្លៀងជន់លិចផ្ទះសម្បែងរបស់ពួកគាត់នារដូវវស្សាផងដែរ។

ទន្ទឹមនឹងនោះលោក កង សា ដែលកំពុងតែបណ្ដើរម៉ូតូយកឲ្យជាងធ្វើ បានលើកថាឆ្នាំនេះទឹកភ្លៀងជន់លិចខ្លាំង ដោយស្រះមួយចំនួនត្រូវបានចាក់ដីលុប និងលូបង្ហូរទឹកតូចផង ដែលធ្វើឲ្យទឹកហូរមិនទាន់ ហើយផ្ទះពលរដ្ឋមួយចំនួនបានដាក់ម៉ាស៉ីន ឬម៉ូទ័រ ដើម្បីបូមទឹកចេញពីផ្ទះផងដែរ។ បើនៅមេឃកំពុងតែភ្លៀង គម្របលូទឹកស្អុយ ហើបចេញហើយទឹកស្អុយ បានហូរពេញផ្លូវ និងចូលផ្ទះប្រជាពលរដ្ឋផងដែរ។

ជាមូយនេះដែរលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋចំនួន៥០ និងសាលារៀនវត្តចក បានជន់លិចដោយទឹកភ្លៀង អាជ្ញាធរកំពុងដោះស្រាយបជាណ្តើរៗ ហើយនៅថ្ងៃនេះដែរ លោកចុះជាមួយអភិបាលក្រុង ដើម្បីកាត់ដើមឈើនៅតាមប្រឡាយ និងនៅមុខប្រព័ន្ធលូណាដែលមានការស្ទះ ដើម្បីរំដោះទឹកចេញនៅក្នុងភូមិភ្ញាជ័យ និងសាលារៀនវត្តចក។

លោកបន្តឆ្នាំនេះ អាជ្ញាធរធ្វើមិនទាន់ប៉ុន្តែនៅឆ្នាំក្រោយក្នុងខែមេសា លោកនឹងចាប់ផ្តើមដាក់គ្រឿងចក្រចុះធ្វើ ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមានឡានដឹកដីមកចាក់ក្នុងប្រជាពលរដ្ឋណាមួយ ហើយបានចាក់បិទមុខលូ ត្រូវជូនដំណឹងដល់អាជ្ញាធរ ដើម្បីរកវិធីសាស្រ្តដោះស្រាយឱ្យទាន់ពេលវេលាផងដែរ៕