(កំពង់ឆ្នាំង)៖ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន និងការិយាល័យប្រឆាំងភេរវកម្ម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកងកម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ ចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងភូមិធ្នុងកំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ។

ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងគ្រឿងញៀន ២,៥០គីឡូក្រាម ព្រមទាំងសម្ភារមួយចំនួនទៀត។ ចំពោះករណីនេះ សមត្ថកិច្ចទើបតែអនុញ្ញាតឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយ ក្រោយពីបញ្ចប់ការស៊ើបអង្កេតករណីនេះ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

របាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ២៦ឆ្នាំ មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចុះឆែកលំនៅដ្ឋានជនសង្ស័យដោយរកឃើញថ្នាំញៀនប្រភេទ មេតំហ្វាតាមីន (ICE) ចំនួន១៦កញ្ចប់ លាក់ទុកលើពិដាន និង៩កញ្ចប់ទៀតលាក់ទុកក្នុងទូបន្ទប់ជនសង្ស័យ។ សរុបថ្នាំ ញៀនមានចំនួន២៥កញ្ចប់ ក្នុងមួយកញ្ចប់ៗទម្ងន់១០០ក្រាម ទម្ងន់សរុប ២,៥គីឡូក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៥គ្រឿង, ឧបករណ៍អ៊ុតស្បោងចំនួន១ និងឧបករណ៍សម្រាប់វេចខ្ចប់ (ស្បោង ១ដុំ)។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន និងឆែករកឃើញវត្ថុតាងបទល្មើសជាក់ស្តែងរួច ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់នាយកដ្ឋានសន្តិសុខ ក្រសួងមហាផ្ទៃ ចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា ករណីនេះសមត្ថកិច្ចទើបអនុញ្ញាតឲ្យផ្សាយដោយ សារទើបបិទសំណុំរឿងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ជាករណីបង្ក្រាបមួយដែលមានចំនួនដ៏ច្រើន ដែលពីមុនៗមកមិនធ្លាប់មានទេនៅក្នុងទឹកដី ខេត្តកំពង់ឆ្នាំង៕