(តាកែវ)៖ ប្រជាពលរដ្ឋប្រមាណ១២៦គ្រួសារ រស់នៅភូមិព្រែកដា និងព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ បានសម្ដែងការប្រតិកម្ម និងប្រឆាំងដាច់ខាតជាមួយអាជ្ញាធរស្រុក ដែលកំពុងស្ថាបនាផ្លូវថ្មី១ខ្សែ ដោយការជីកប្រឡាយយកអាចម៌ដីធ្វើផ្លូវ។

បើតាមអ្នកភូមិខាងលើ ការធ្វើផ្លូវនេះកំពុងធ្វើខុសពីកិច្ចសន្យាដែលមានជាមួយពួកគាត់ និងបានបង្កផលប៉ះពាល់ដល់ដីកសិកម្ម និងដីលំនៅដ្ឋាន ព្រមទាំងលំបាកក្នុងការធ្វើដំណើរចេញចូលក្នុងការធ្វើស្រែចំការផ្ទះថែមទៀតផង។

ពួកគាត់បានស្នើសុំឲ្យអាជ្ញាធរស្រុកអង្គរបុរី ជួយដោះស្រាយម្ដងដែរ ប៉ុន្តែជិត៤ខែហើយគ្មានដំណោះស្រាយសោះស្ងាត់ឈឹងដូចចោរលួចសេះ ពុំដឹងថាអាជ្ញាធរភ្លេច ឬពុំមានមានបំណងដោះស្រាយជូនពួកគាត់នោះទេ ដូច្នេះទើបពេលនេះពួកគាត់ស្នើសុំអាជ្ញាធរជួយរកដំណោះស្រាយជូនពួកគាត់ផង។

ប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ថា កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅ អាជ្ញាធរភូមិ និងអាជ្ញាធរឃុំគោកធ្លក បានស្នើសុំឲ្យប្រជាពលរដ្ឋបរិច្ចាគដីដើម្បីស្ថាបនាផ្លូវក្រាលក្រួសក្រហម១ខ្សែ ប្រវែង១១គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ។ ផ្លូវនេះតភ្ជាប់ពីឃុំអង្គរបុរី និងឃុំគោកធ្លកដោយសន្យាជាមួយប្រជាពលរដ្ឋថា ជីកយកអាចម៌ដីពីតំបន់មួយចំនួនមកចាក់ធ្វើផ្លូវដូចជានៅ ទួលឡាំងកាក និងទួលក្របីកូន ដែលជាដីរបស់រដ្ឋ ហើយពេលនោះពួកគាត់បានយល់ព្រមបរិច្ចាគដីសម្រាប់ធ្វើផ្លូវនេះទាំងរីករាយ និងត្រេកអរខ្លាំងណាស់ព្រោះពួកគាត់ក៏ចង់បានផ្លូវប្រើប្រាស់ដែរ។

ប្រជាពលរដ្ឋបាននិយាយទៀតថា ក្រោយមកនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ អាជ្ញាធរភូមិ និងឃុំគោកធ្លក បានដើរផ្ដិតមេស្នាមដៃពួកគាត់ដែលមានដីសម្រាប់បរិច្ចាគក្នុងការស្ថាបនាផ្លូវ ហើយបន្ទាប់ពីផ្ដិតរួចរាល់ ក៏បានចាប់ផ្ដើមដំណើរការស្ថាបនាតាមគម្រោង ដោយមាននាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ជាអ្នកទទួលលើការស្ថាបនាផ្លូវនេះ។

ប៉ុន្តែអ្វីៗបានប្រែក្លាយពីការរីករាយត្រេកអរទៅវិញ ដោយក្រុមស្ថាបនាផ្លូវពុំបានជីកយកអាចម៌ដីពីទួលឡាំងកាក និងទួលក្របីកូន ដែលជាដីរបស់រដ្ឋមកចាក់បំពេញផ្លូវឡើយ ផ្ទុយទៅវិញបែរជាជីកប្រឡាយយកអាចម៌ដីធ្វើផ្លូវទៅវិញ។

អ្នកភូមិដដែលបាននិយាយថា ប្រឡាយដែលជីកយកអាចម៌ដីនេះមាន «ទំហំ២៥ម៉ែត្រ» ឯណោះ ហើយបានដំណើរការជីមួយចំហៀងខាងលិចផ្លូវ ដែលបានធ្វើឲ្យពួកគាត់ម្នាក់ៗត្រូវបាត់បង់ដីកសិកម្មច្រើនរាប់រយម៉ែត្រ ការ៉េថែមទៀត។ មិនតែប៉ុណ្ណោះប៉ះពាល់ដីលំនៅដ្ឋាន ព្រមទាំងបង្កការលំបាកដល់ពួកគាត់ ក្នុងការធ្វើដំណើរចេញចូលស្រែចំការផ្ទះថែមទៀផង។

បន្ទាប់ពីមានបញ្ហាបែបនេះ នៅក្នុងអំឡុងខែឧសភាកន្លងមក អ្នកភូមិខាងលើធ្លាប់ បានធ្វើការតវ៉ាម្ដងរួចមកហើយ មិនតែប៉ុណ្ណោះក៏បានធ្វើលិខិតស្នើសុំការអន្តរាគមន៍រកដំណោះស្រាយពីសំណាក់លោកអភិបាលស្រុកអង្គរបុរីដែរ។ ប៉ុន្តែគិតរហូតមកដល់ពេលនេះរយៈពេលជិត៤ខែហើយស្ងាត់ឈឹង គ្មានដំណោះស្រាយទាល់តែសោះ អាជ្ញាធរហាក់ធ្វើព្រងើយកន្តើយមិនអើពើចំពោះទុក្ខលំបានរបស់ពួកគាត់ឡើយ។

អ្នកភូមិទាំងនោះបានប្រាប់ទៀតថា ពេលនេះពួកគាត់ស្នើសុំទៅកាន់អាជ្ញាធរឲ្យជួយដោះស្រាយជូនពួកគាត់ផង ហើយចំពោះអាចម៌ដីសម្រាប់ចាក់ធ្វើផ្លូវមានមិនខ្វះទេ បើពុំអាចជីកយកអាម៌ដីពីទួលឡាំងកាក និងទួលក្របីកូនបានទេ សូមបង្វែរទៅជីកស្ដារបឹងទេព និងបឹងទន្លេភ្នំនៅជុំវិញភ្នំបុរីយកអាចម៌ដីចាក់ធ្វើផ្លូវវិញទៅ។

ព្រោះបឹងទាំងនោះកំពុងរាក់ ហើយពួកគាត់ច្បាស់ជាអបអរសាទរយ៉ាងពេញទំហឹងប្រសិនអាជ្ញាធរស្ដារបឹងខាងលើនោះ ម្យ៉ាងទៀតក្រោយស្ដារបឹងនោះមានផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋច្រើនណាស់ ដូចជាបង្កការងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនតាមផ្លូវទឹក និងបានជាអាងស្តុកទឹកសម្រាប់ជាតម្រូវការផ្នែកកសិកម្មផងដែរ ហើយបញ្ឈប់ការជីកទន្រ្ទានរំលោភយកដីស្រែពួកគាត់បែបនេះតទៅទៀត។

ទាក់ទងទៅនិងបញ្ហានេះ ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរី ពុំបានបញ្ជាក់ពីជំហរក្នុងការដោះស្រាយជូនប្រជាពលរដ្ឋបែបណានៅឡើយទេ ដោយលោកបានប្រាប់បណ្ដាញព័ត៌មានអង្គភាព Fresh News ថា លោកបានឃើញលិខិតស្នើសុំរកដំណោះស្រាយរបស់ប្រជាពលរដ្ឋខាងលើដាក់ចូលសាលាស្រុកតាំងពីមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ម្ល៉េះ ហើយអាជ្ញាធរស្រុកក៏បានផ្អាកការសាងសង់ដែរ។

លោកអភិបាលស្រុកបានប្រាប់ទៀតថា «ផ្លូវហ្នឹងយើងធ្វើ១ឆ្នាំបានប្រវែង១ ឬ២គីឡូម៉ែត្រ ផ្លូវពីភ្នំដា និងរហូតដល់ព្រំដែនបាក់ដាយផ្លូវ និងផ្លូវថ្មី អញ្ចឹងមុននឹងធ្វើអាជ្ញាធរភូមិឃុំយើងបានអំពាវនាវគាត់ (ប្រជាពលរដ្ឋ) ក៏បានផ្ដិតមេដៃឲ្យធ្វើ ប៉ិនគ្រាន់តែអញ្ចេះកាលពីធ្វើពីខាងជើងគាត់កាយប្រឡាយខ្លះអត់ខ្លះ។ ប៉ុន្តែក្រោយមកឥឡូវនេះ ដោយសារអត់មានដីយកនៅជិតៗ ចឹងគាត់កាយប្រឡាយ ប្រជាពលរដ្ឋគាត់តវ៉ាមិនឲ្យកាយប្រឡាយ។ ប៉ុន្តែកាលណោះទទឹងដូចជា៥០ម៉ែត្រឯណោះ ដែលប្រជាពលរដ្ឋយល់ព្រមបរិច្ចាគនោះ ចំណែកទួលឡាំងកាក និងទួលក្របីកូន មិនអាចយកដីបានទេ ព្រោះជាប់ក្នុងប្រកាសលេខ០៤ របស់ក្រសួងកសិកម្ម»

ដោយឡែកលោក លឹម លាង អនុប្រធានឃុំជំទប់ទី១ បានប្រាប់ថា ក្នុងរឿងនេះ លោកធ្លាប់បានអញ្ជើញប្រជាពលរដ្ឋទៅកាន់ផ្ទះលោកមេភូមិព្រែកដាដើម្បីដោះស្រាយដែរ ប៉ុន្តែគ្មានលទ្ធផល ក៏បានបញ្ជូនរឿងបន្តទៅកាន់សាលាឃុំ ហើយក្រោយមកលោក ម៉ក់ ជូ មេឃុំគោកធ្លក បានឲ្យប្រជាពលរដ្ឋបញ្ជូនរឿងនេះបន្តទៅកាន់សាលាស្រុកបន្តទៀតរហូតដល់ពេលនេះ៕