(កណ្តាល)៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) និង នគរបាលស្រុកកោះធំ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំកម្មវិធី គាំពារសុខភាពសហគមន៍ UP នៅស្រុកកោះធំ ខេត្តកណ្តាល ដោយមានការសហការឧបត្ថម្ភដោយ សហគ្រាសផលិតឱសថ អឺហ្វាក់ និងក្រុមហ៊ុនខលហ្គេត ដោយធ្វើការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

នេះជាលើកទី២ ដែលកម្មវិធីគាំពារសុខភាពសហគមន៍ UP ត្រូវបានរៀបចំឡើង ដោយលើកទី១ កម្មវិធីគាំពារសុខភាពសហគមន៍ UP បានចុះទៅធ្វើការ អប់រំ ព្យាបាល និង ពិនិត្យជំងឺ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកទ្រាំង ខេត្តតាកែវ កាលពីឆ្នាំ ២០១៥ ។

គោលបំណងនៃការបង្កើត កម្មវិធីគាំពារសុខភាពសហគមន៍នេះឡើង គឺដើម្បីចូលរួមលើកកម្ពស់ អំពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីបញ្ហាសុខភាព ចូលរួមកាត់បន្ថយបន្ទុក របស់ប្រជាពលរដ្ឋក្រីក្រ ក្នុងការចំណាយលើការព្យាបាលជំងឺ ផ្តល់បទពិសោធន៏ដល់ប្អូនៗ និស្សិតពេទ្យ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ក្នុងការអនុវត្តន៏ជាក់ស្តែង និងយល់ពីស្ថានភាពពិតរបស់អ្នកជំងឺ និងចូលរួមលើកស្ទួយ លើការងារ មនុស្សធម៌នៅក្នុងសង្គមផងដែរ។

ក្នុងពិធីបើកកម្មវិធីគាំពារសុខភាពសហគមន៍នេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ លោក គិត ច័ន្ទគ្រឹស្នា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងលោកវរសេនីយ៏ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ។

ក្នុងកម្មវិធីគាំពារសុខភាពសហគមន៍នេះ មានការចូលរួមពីគ្រូពេទ្យស័គ្រ្មចិត្ត និងនិសិ្សតពេទ្យស័គ្រ្មចិត្ត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ មានចំនួន ១០៥នាក់។ ចំនួនប្រជាពលរដ្ឋសរុប ដែលបានមកទទួលការពិនិត្យ និងព្យាបាលជំងឺ មានចំនួន ៥៧៧នាក់ ដែលក្នុងនោះ ប្រជាពលរដ្ឋទទួលការពិនិត្យ និងព្យាបាលជំងឺទូទៅមានចំនួន៤៨២នាក់ ជំងឹមាត់-ធ្មេញ ៧៥នាក់ និងពិនិត្យផ្ទៃពោះចំនួន ២០នាក់។

កម្មវិធីគាំពារសុខភាពសហគមន៍ នេះ បានផ្តល់សេវាអប់រំ ពិនិត្យ និងព្យាបាលបព្ហាសុខភាព ជូនប្រជាពលរដ្ឋក្នុងស្រុកកោះធំ មានដូចជា៖ ១. អប់រំអំពីការថែរក្សាអនាម័យ ការថែទាំសុខភាព និងការព្យាបាលដោយមិនបាច់ប្រើថ្មាំដូចជាការឈឺខ្នង ចង្កេះ ស្មា សំអាតមាត់ធ្មេញ ។ល។, ២.ការពិនិត្យ និងព្យាបាលជំងឺទូទៅ រោគកុមារ មនុស្សចាស់, ៣.ការពិនិត្យ និងព្យាបាលមាត់ធ្មេញ, ៤.ការពិនិត្យផ្ទៃពោះ និងការណែនាំពីការថែរក្សាគត៌, ៥.របៀបធ្វើអាហារគ្រប់គ្រឿង, ៦.ការផ្តល់ថ្នាំតាមវេជ្ជបញ្ជា និង៧.ផ្តល់ការអប់រំ តាមរយៈ ការហូបស្អាត ការផឹកស្អាត និង ការរស់នៅស្អាត។

បន្ទាប់ពីការពិនិត្យ និងព្យាបាលជំងឺ បានបញ្ចប់ អធិការដ្ឋាននគរបាលស្រុកកោះធំ ក៏បានរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខ និងការពិសារអាហារសាមគ្គីពេលល្ងាច សម្រាប់ក្រុមការងារគ្រូពេទ្យ និងនិស្សិតស័គ្រ្មចិត្ត និងកងកំលាំងប្រដាប់អាវុធទាំងបី ទូទាំងស្រុកកោះធំផងដែរ៕